(ប៊ុយនុសអ៊ែរ)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងអវត្តមានពីការមិត្តភាពនាខែនេះ នៅសហរដ្ឋអាមេរិក ដោយសារតែបញ្ហារបួសសរសៃពួរ។ នេះបើតាមសមាគមបាល់ទាត់អាហ្សង់ទីន (AFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ បានខកខានការប្រកួតក្នុងលីគ Major League Soccer របស់ក្លិប Miami ទល់នឹងក្លិប DC United កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីរងរបួសក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ នៃលីគ  CONCACAF Champions League ឈ្នះលើក្លិប Nashville។

«Lionel Messi នឹងមិនស្ថិតក្នុងក្រុម សម្រាប់ការប្រកួតមិត្តភាព នៅសហរដ្ឋអាមេរិកនោះទេ ដោយសាររងរបួសសរសៃពួរជើងខាងស្តាំកម្រិតស្រាល ក្នុងការប្រកួតរបស់ក្លិប Inter Miami ទល់នឹងក្លិប Nashville»។ នេះបើតាម AFA បានឱ្យដឹង។

Messi គឺជាកីឡាករដែលនឹងអវត្តមានថ្មីចុងក្រោយ សម្រាប់ក្រុមដែលដឹកនាំដោយលោក​ Lionel Scaloni បន្ទាប់ពីមានបញ្ហារបួសលើខ្សែប្រយុទ្ធក្លិប AS Roma កីឡាករ Paulo Dybala, ខ្សែបម្រើក្លិប Bayer Leverkusen កីឡាករ Exequiel Palacios និងខ្សែការពារ Bournemouth កីឡាករ Marcos Senesi។

សូមជម្រាបថា អាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមអ៊ែលសាលវ៉ាឌ័រ នៅថ្ងៃសុក្រ នាកីឡដ្ឋាន Lincoln Financial Field ស្ថិតក្នុងទីក្រុង Philadelphia មុនពេលជួបក្រុមកូស្តារីកា ៤ថ្ងៃបន្ទាប់ នៅកីឡដ្ឋាន Los Angeles Coliseum៕