(អេស្ប៉ាញ)៖ ក្លិបស្ថិតក្នុងលីគអេស្ប៉ាញ La Liga អធិរាជស Real Madrid បានឱ្យដឹងថា អ្នកចាំទីឆ្នើម Thibaut Courtois នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ បន្ទាប់ពីមានការរហែកសរសៃពួរនៅជង្គង់ខាងស្តាំអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃអង្គារ។

កីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ ៣១ឆ្នាំរូបនេះ ក៏ត្រូវបានគេរំពឹងថានឹងអាចវិលត្រលប់មកក្រុមរបស់ Real Madrid បន្ទាប់ពីចំណាយពេលជាច្រើនខែនៅក្រៅទីលាន បន្ទាប់ពីរបួស ACL នៅជង្គង់ខាងឆ្វេងរបស់គាត់កាលពីខែសីហាឆ្នាំមុន ។

ក្លិបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ បន្ទាប់ពីការធ្វើតេស្តស្កែន MRI បានបង្ហាញឱ្យឃើញថា «កីឡាករអ្នកចាំទី Thibaut Courtois ត្រូវវិនិច្ឆ័យថា មានបញ្ហារបួសផ្នែកខាងក្នុងនៃជង្គង់ខាងស្តាំរបស់គាត់»

របួសនេះគឺជាបញ្ហាដ៏ធំមួយសម្រាប់ Real Madrid ដែលនឹងត្រូវធ្វើការប្រកួតប្រជែង គ្មានវត្តមានកីឡាករចាំទីដ៏សំខាន់រូបនេះ សម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ប៉ះគូប្រជែង Manchester City នៅដើមខែមេសាខាមុខនោះ។

បញ្ជាក់ផងថា Thibaut Courtois បានផ្ទេមកកាន់ក្លិប Real Madrid កាលឆ្នាំ២០១៨ ដោយសរុបមកដល់ពេលនេះ រូបគេបង្ហាញខ្លួនបានចំនួន ២៣០ប្រកួតផងដែរ ៕