(ហ្រ្វេនហ្វឺត)៖ ខ្សែបម្រើក្លិប Bayern Munich កីឡាករ Aleksandar Pavlovic នឹងត្រូវរង់ចាំបន្តទៀត សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់លោក ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយកីឡាករយុវជនរូបនេះ ត្រូវបានដកចេញពីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់ពួកគេ ទល់នឹងបារាំង និងហូឡង់នាចុងខែនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

កីឡាករវ័យ ១៩ឆ្នាំ ដែលកំពុងឡើងជើងខ្លាំងក្នុងរដូវកាលនេះ នៅឯក្លិប Bayern ក្នុងនាមជាខ្សែបម្រើការពាររូបនេះ គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករថ្មី ៦នាក់ដែលត្រូវបានកោះហៅ ចូលក្រុមជម្រើសជាតិអាល្លឺម៉ង់ ដឹកនាំដោយលោក Julian Nagelsmann កាលពីសប្តាហ៍មុន សម្រាប់ការប្រកួតមិត្តភាពទាំងពីររបស់ពួកគេ ប៉ុន្តែឥឡូវនេះ ត្រូវបានដកចេញវិញ ដោយសារមានជំងឺរលាកបំពង់ក។

​ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលនឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024 ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនោះ នឹងធ្វើដំណើរទៅជួបក្រុមបារាំង នៅថ្ងៃទី២៣ ខែមីនាខាងមុខ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវហូឡង់ ៣ថ្ងៃបន្ទាប់ ដោយអ្នកចាត់ការ Nagelsmann អន្ទះសារជាខ្លាំង ក្នុងការចង់ដឹងសមត្ថភាពកីឡាកររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក បង្កើតក្រុមឱ្យរួចរាល់សម្រាប់ព្រឹត្តិការណ៍ ដែលនឹងមកដល់ ក្នុងរយៈពេលតិចជាង ១០០ថ្ងៃខាងមុខ។

សូមជម្រាបថា អាល្លឺម៉ង់ ក៏នឹងប្រកួតជាមួយអ៊ុយក្រែន នៅទីក្រុង Nuremberg នៅថ្ងៃទី០៣ ខែមិថុនាខាងមុខផងដែរ មុនពេលជួបក្រិក នៅទីក្រុង Moenchengladbach ៤ថ្ងៃបន្ទាប់ ដែលជាការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ មុនពេលចាប់ផ្តើមព្រឹត្តិការណ៍ Euro 2024៕
https://www.channelnewsasia.com/sport/germanys-teenager-pavlovic-miss-matches-against-france-netherlands-4205881