(ប៉ារីស)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានបញ្ជាក់ថា ក្រុមអត្តពលិកនៃប្រទេសរុស្ស៊ី និងប៊ែលឡារុស នឹងមិនត្រូវបានអនុញ្ញាតចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅប្រទេសបារាំង នាអំឡុងខែកក្កដាឡើយ។

អត្តពលិកមកពីប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបខាងលើនេះ ត្រូវបានដាក់បម្រាមពីការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក ក្រោយពេលរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនរហូតមកដល់ពេលនេះ។

យ៉ាងនេះក្តី IOC បានកំពុងពិចារណាផងដែរពីការចូលរួមរបស់ពួកគេ ក្នុងពិធីបិទ Olympics ដែលនឹងបញ្ចប់នាអំឡុងខែសីហា ឆ្នាំ២០២៤ ខណៈការចូលរួមរបស់អត្តពលិករុស្ស៊ី និងប៊ែលឡារុស ក្នុងការប្រកួតប្រជែងមេដាយ ក្រោមទង់ជាតិអព្យាក្រឹត្យ រួមទាំងគ្មានអមដោយភ្លេងជាតិទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ IOC ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា «អត្តពលិករុស្ស៊ី និងប៊ែលឡារុស ពុំមែនជាផ្នែកដ៏សំខាន់ទៀតទេសម្រាប់ពិធីបើកអូឡាំពិក គិតចាប់តាំងពីអត្តពលិកទាំងនោះ មិនលេងតំណាងឱ្យជាតិរបស់ពួកគេ ក៏ប៉ុន្តែវាបានផ្តល់អត្ថប្រយោជន៍ចំពោះពួកគេនូវបទពិសោធក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ»។

ជាមួយគ្នានោះគិតមកទល់នឹងពេលនេះ មានអត្តពលិករុស្ស៊ីចំនួន ១២នាក់ និងប៊ែលឡារុស ៧នាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង Paris 2024 ក្រោមទង់ជាតិ IOC ក្នុងចំណោមអត្តពលិកសរុបប្រមាណ ៦០០០នាក់ ដែលនឹងចាប់ផ្តើមនាអំឡុងខែកក្កដា-សីហា នៅទីក្រុងប៉ារីស ប្រទេសបារាំងតែមួយគត់៕