(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រូវបានរាយការណ៍មកថា ត្រៀមចេញស្មាតហ្វូនអេក្រង់បត់ MIX Flip ឆាប់ៗនេះ។ ត្បិតព័ត៌មានលម្អិតថ្មីអំពីទូរស័ព្ទជំនាន់ថ្មីរបស់ Xiaomi នេះ ត្រូវបានចេញផ្សាយជារៀងរាល់ថ្ងៃ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Gizmo China។

គេនៅចាំបានថា ស្មាតហ្វូនអេក្រង់បត់ម៉ូដែល MIX Flip នេះត្រូវបានក្រុមហ៊ុន Xiaomi អភិវឌ្ឍតាំងពីឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែក្រុមហ៊ុន បានសម្រេចលប់ចោលវិញ។ តែយ៉ាងណា ដោយសង្កេតមើលទីផ្សារបច្ចុប្បន្ន បានធ្វើឲ្យ Xiaomi សម្រេចចាប់យកគម្រោងនេះវិញ ហើយពេលនេះ បាននឹងកំពុងតែធ្វើការសារជាថ្មី និងប្រកាសថានឹងបង្ហាញវត្តមានជាផ្លូវការនៅខែឧសភាខាងមុខនេះដូចគ្នា។ស្មាតហ្វូនអេក្រង់បត់បាន MIX Flip ត្រូវបានគេទម្លាយចេញថា នឹងមកជាមួយលេខម៉ូដែល «2405CPX3DG / 2405CPX3DC» និងមានឈ្មោះថា «ruyi» ហើយស្មាតហ្វូននេះ មានលេខសំគាល់ ជាលេខ «N8.» ផងដែរ។ សម្រាប់ «8» គឺក្រុមហ៊ុនមានការផ្តោតទៅលើ MIX series។

គួរជម្រាបថា MIX Flip ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានកាមេរ៉ាក្រោយ២គ្រាប់ មានអេក្រង់តូចមួយនៅខាងកក្រោមកាមេរ៉ា។ ក្រុមហ៊ុន Xiaomi មានគម្រោងរៀបចំព្រឹត្តិការណ៌ធំមួយនៅខែឧសភាខាងមុខនេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន MIX Flip នេះ៕