(ហុងកុង)៖ អ្នកគាំទ្រទាំងឡាយដែលបានទិញសំបុត្រចូលទស្សនា ក្នុងប្រកួតរបស់ក្លិបអាមេរិក Inter Miami FC ទល់នឹងម្ចាស់ផ្ទះ Hong Kong XI របស់ហុងកុងកាលពីខែមុនដែល Lionel Messi របួសពុំបានចូលលេង (no-show) នោះ នឹងទទួលបានថ្លៃសំបុត្រចំនួន ៥០ភាគរយត្រឡប់មកវិញ។

គណៈកម្មាធិការរៀបចំការប្រកួតនានាប្រចាំអាស៊ី Tatler Asia បានបញ្ជាក់តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃនេះបានឱ្យដឹងថា ម្ចាស់សំបុត្រទាំងអស់ត្រូវតែយល់ព្រមចំពោះការសម្រេចនេះ និងបញ្ឈប់រាល់ការប្តឹងផ្តល់តាមផ្លូវច្បាប់ជាបន្តទៀតផងដែរ។

ប្រភពខាងលើដដែលក៏បានបញ្ជាក់បន្ថែមថា ចំនួនសំបុត្រដែលត្រូវទូទាត់លុយវិញពាក់កណ្តាលផងនោះ គិតជាទឹកប្រាក់មានដល់ទៅ ៥.៦លានផោន ស្មើនឹង ៧.១២លានដុល្លារអាមេរិកឯណោះ។

គួររំលឹកផងថា តារាឆ្នើមរបស់អាហ្សង់ទីន Messi មិនត្រូវបានគ្រូបង្វឹកដាក់ឱ្យចូលលេងឡើយ ក្នុងប្រកួតដែល Miami FC បានយកឈ្នះ Hong Kong XI ក្នុងលទ្ធផល ៤-១ នៃជំនួបមិត្តភាពអន្តរជាតិនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលសំបុត្រចូលទស្សនាត្រូវបានលក់អស់គ្មានសល់ ក៏ព្រោះតែចង់មើល Idol របស់ពួកគេផ្ទាល់ភ្នែកលេងក្នុងកីឡដ្ឋាន Hong Kong ផងដែរ៕