(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការអភិវឌ្ឍវិស័យកីឡា មិនអាចមើលរំលងសិស្សសាលាបានឡើយ ដ្បិតកីឡារីកចម្រើនខ្លាំង ភាគច្រើនចេញពីសាលា តែដើម្បីទទួលបានធនធានទាំងអស់នេះ ចាំបាច់ត្រូវមានគ្រូជំនាញកីឡា សម្រាប់ធ្វើការបណ្ដុះបណ្ដាលត្រឹមត្រូវ។

ការលើកឡើងនេះ ស្របពេលលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC បន្ទាប់ពីដំណើរការសិក្សារយៈពេល ១០ថ្ងៃ ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ក្រោមជំនួយរបស់អង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ (OS) ដែលបង្រៀនដោយបុរសជនជាតិស្រីលង្កាលោក Jayalal Rathnasooriya និងលោក បូរ ពុធរាត្រី គ្រូឧទ្ទេសអន្ដរជាតិរបស់ស្ថាប័ន World Athletics។

លោកបណ្ឌិត ថោង ខុន បន្ដថា កូនខ្មែរ មិនអន់ទេ ពិសេសបើមានគ្រូជំនាញកីឡាគ្រប់គ្រាន់ ដើម្បីជំរុញការហ្វឹកហាត់ស្របតាមស្ដង់ដាត្រឹមមត្រូវ នៅតាមសាលារៀន នោះការអភិវឌ្ឍវិស័យកីឡានឹងដើរទៅមុខ។ ដូច្នេះលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្ដុះបណ្ដាលខាងលើ ដើម្បីជំរុញការអភិវឌ្ឍធនធានគ្រូបង្វឹកកម្រិតអន្ដរជាតិឲ្យបានច្រើន ឆ្ពោះទៅរកការអភិវឌ្ឍអត្តពលិកថ្នាល នៅតាមបណ្ដាគ្រឹះស្ថានសិក្សាសាធារណៈទូទាំងរាជធានី-ខេត្ត។

លោកទេសរដ្ឋមន្ដ្រីបន្ដថា «កីឡាដែលរីកចម្រើន គឺកីឡាដែលចេញពីសិស្ស ចេញពីវិទ្យាល័យ ចេញពីមហាវិទ្យាល័យ គឺរីកចម្រើនខ្លាំងណាស់ តែដំបូងបំផុត ត្រូវចេញពីសាលា។ បើភ្លេចសាលា គឺពិបាកក្នុងការចម្រាញ់យកកីឡាខ្លាំងណាស់ ហើយដើម្បីទទួលបានកីឡាខ្លាំង ទាល់តែមានគ្រូ មិនមែនយកគ្រូគណិតវិទ្យា ឬគ្រូវិទ្យាបង្ហាត់កីឡាកើតទេ គឺត្រូវតែមានគ្រូជំនាញកីឡាត្រឹមត្រូវ ទើបអាចជំរុញការអភិវឌ្ឍកីឡាជំនាញបានល្អប្រសើរ»

ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលទើបបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ត្រូវយកចំណេះដឹងថ្មីៗដែលទទួលបានពីការរៀនសូត្រទៅអនុវត្តឲ្យមានប្រសិទ្ធភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីអត្តពលកម្ម នៅតាមអង្គភាព គ្រឹះស្ថានសិក្សា សមាគម/ក្លិបរបស់ខ្លួន និងឆ្ពោះទៅរកការដណ្ដើមមេដាយនាថ្ងៃអនាគត។

ជាមួយគ្នា គ្រូឧទ្ទេសអន្ដរជាតិ លោក Jayalal Rathnasooriya បានគាំទ្រប្រសាសន៍របស់លោកទេសរដ្ឋមន្ដ្រី ក្នុងការជំរុញឲ្យសិក្សាកាមទាំងអស់ យកចំណេះដឹងទៅអនុវត្តនៅតាមសាលា ដែលជាកន្លែងប្រមូលផ្ដុំដោយយុវជន។ លោកថា សិក្ខាកាមទាំងអស់ គួរយកឱកាសនេះ ដើម្បីបង្កើតជាការច្នៃប្រឌិត ដូចជាការរៀបចំនូវទីលាន និងសម្ភារៈផ្សេងៗ ដើម្បីផ្ដល់ឱកាសឲ្យសិស្សានុសិស្សទាំងអស់ បានចូលរួមជាមួយសកម្មភាពកីឡា។

គួរដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ចាប់ផ្ដើមពីថ្ងៃទី១១-២០ ខែមីនា ដោយមានសិក្ខាកាម ២៤រូប មកពី ១៤រាជធានី-ខេត្ត និង ២សមាគមក្រសួងចូលរួម។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ថ្ងៃ នៅថ្ងៃចុងក្រោយនេះ ក៏មានការប្រឡងផ្នែកសរសេរ ដើម្បីក្លាយជាសមាជិកគ្រូបង្វឹករបស់ World Athletics ផងដែរ។ អ្វីដែលពិសេស ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ គឺមានសមទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលអត្តពលិកអាយុក្រោម ១៦ឆ្នាំ៕