(តូក្យូ)៖ ប្រទេសជប៉ុន បានព្រមានអ្នកគាំទ្របាល់ទាត់របស់ខ្លួន មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដែលចូលចិត្តបង្កជម្លោះ ដើម្បីទស្សនាផ្ទាល់ការប្រកួតជម្រុះ World Cup នាសប្តាហ៍ក្រោយនៅទីក្រុង Pyongyang។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ក្រសួងការបរទេសជប៉ុន «ស្នើយ៉ាងខ្លាំង ចំពោះសាធារណជនឱ្យជៀសវាង» ពីការចង់ទៅទស្សនាការប្រកួតនៅថ្ងៃទី២៦ ខែមីនាខាងមុខ ដែលជាការជួបគ្នាលើកដំបូង សម្រាប់ក្រុមជម្រើសជាតិទាំងពីរនៅទឹកដីកូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១១ មក។

«ដូចដែលអ្នកបានដឹងហើយ កូរ៉េខាងជើង តែងតែមានទស្សនៈបង្ករឿងចំពោះជប៉ុន។ ការធ្វើដំណើរទៅកាន់ទីនោះ មិនត្រូវបានណែនាំសម្រាប់សាធារណជននោះទេ»។ នេះបើតាមក្រសួងការបរទេសជប៉ុន បានលើកឡើង។

សូមជម្រាបថា ជប៉ុន និងកូរ៉េខាងជើង នឹងប្រកួតគ្នានៅទីក្រុង Tokyo នាថ្ងៃទី២១ ខែមីនា ជាផ្នែកមួយនៃការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ មុនពេលការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ៕