(ឡុងដ៍)៖ ​ក្លិបហង្សក្រហម Liverpool បានតែងតាំងនាយកផ្នែកបច្ចេកទេស ដែលបានចាកចេញពីក្លិប Bournemouth លោក Richard Hughes ជានាយកថ្មីផ្នែកកីឡារបស់ពួកគេ ចាប់ពីពេលចប់រដូវកាល២០២៣-២០២៤។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

កាលពីដើមខែនេះ Bournemouth បានប្រកាសថា បុរសវ័យ ៤៤ឆ្នាំដែលជាអតីតខ្សែបម្រើក្រុមជម្រើសជាតិស្កុតឡេន នឹងចាកចេញពីតួនាទីរបស់លោក ជានាយកផ្នែកបច្ចេកទេស នៅពេលចប់រដូវកាលបច្ចុប្បន្ននេះ បន្ទាប់ពីចូលបំពេញការងារ កាលពីឆ្នាំ២០១៦។

លោក Richard Hughes បានជំនួសតំណែងលោក Jorg Schmadtke ដែលត្រូវបានក្លិបតែងតាំងដោយម្ចាស់ក្លិប Liverpool។

​លោក Hughes នឹងចូលបំពេញការងារ នៅ Liverpool ចាប់ពីថ្ងៃទី០១ ខែមិថុនាខាងមុខ។

សូមជម្រាបថា លោក Klopp វ័យ ៥៦ឆ្នាំ កាលពីខែមករា បានប្រកាសពីការសម្រេចចិត្តរបស់លោក ក្នុងការលាលែងចេញពីតំណែងជាអ្នកចាត់ការក្លិប Liverpool នៅពេលចប់យុទ្ធនាការបច្ចុប្បន្ន បន្ទាប់ពីដឹកនាំក្លិបរយៈពេល ៨ឆ្នាំកន្លះ ដណ្តើមបានពានរង្វាន់ជាច្រើន នៅក្លិបមួយនេះ ​ដោយលោកបានអះអាងថា លោកបានធ្លាក់ចុះកម្លាំង៕