(ភ្នំពេញ)៖ កម្មវិធីរត់ Fun Mini Marathon ត្រូវបានរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) សាខាច្បារអំពៅ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងគោលបំណងរៃអង្គាសថវិកាជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។ ក្នុងពេលជាមួយគ្នានេះកម្មវិធីនេះក៏ចូលរួមលើកកម្ពស់ការរត់កម្សាន្តដើម្បីសុខភាព មិត្តភាព និង សាមគ្គីភាពផងដែរ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងនៅទីតាំង សួន អេកូ ផាក នៃគម្រោង ដឹស្ដា ផ្លាទីនីម អេកូ ខូលិកសិន ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ ​

ប៉េង ហួត គ្រុប បានសហការជាមួយដៃគូជាច្រើនក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ (CSR) ផ្សេងៗដូចជា កម្មវិធីរត់ដើម្បីសប្បុរសធម៌ រត់ដើម្បីសុខភាពក្នុងសហគមន៍ កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត កម្មវិធីពង្រឹងសុខុមាលភាពផ្លូវចិត្តនានា ទាក់ទងនឹងការបរិច្ចាគ ព្រមទាំង​កៀរគរថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ «ការអប់រំ បរិស្ថាន និងសង្គម”» ហើយកម្មវិធី Fun Mini Marathon នេះគឺស្ថិតក្រោមការងារសង្គមនៃបង្គោលទី៣ ដោយផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងការរស់នៅ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការសាងសង់មន្ទីរពេទ្យ វត្តអារាម និងការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕