(ម៉ាឌ្រីដ)៖ ក្រុមប៉ូលីស បានឆ្មក់ចូលឆែកឆេរដល់ការិយាល័យកណ្តាលសហព័ន្ធកីឡាបាល់ទាត់ប្រទេសអេស្ប៉ាញ RFEF កាលពីថ្ងៃពុធម្សិលមិញ ក្រោមហេតុផលស៊ើបអង្កេតករណីអំពើពុករលួយ។

បើយោងតាមព្រះរាជអាជ្ញា តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ប្រតិបត្តិការនេះគឺជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយពីការគ្រប់ហិរញ្ញវត្ថុរបស់សហព័ន្ធ និងការប្រើប្រាស់លុយមួយចំនួននាពេលកន្លងមកផងដែរ។

បន្ថែមលើនេះ ក្រៅពីឆែកឆេរនៅការិយាល័យកណ្តាល ក្រុមប៉ូលីសក៏បានធ្វើការរុករកនៅទីកន្លែងចំនួន ១១ទីតាំងផ្សេង ទៀតទូទាំងប្រទេសអេស្ប៉ាញទៀតដែរ គ្រាដែលមនុស្សប្រហែល ៧នាក់ត្រូវបានរំពឹងថាឃាត់ខ្លួនដែរ។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ ត្រូវបានធ្វើឡើង ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញផ្នែកបុរស បានកំពុងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងកូឡុំប៊ី នៅកីឡដ្ឋាន London របស់ក្លិបញញួរធំ West Ham នៅរាត្រីថ្ងៃសុក្រស្អែកនេះដែរ។

ប្រតិបត្តិនេះ ក៏ត្រូវបានធ្វើឡើង ក្រោយការលាលែងពីតំណែងរបស់ប្រធាន RFEF គឺលោក Rubiales នាអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក្រោយផ្ទុះការរិះគន់រឿងថើបមាត់ប្រធានក្រុមបាល់ទាត់ស្រ្តីអេស្ប៉ាញនៅ FIFA Women’s World Cup នាប្រទេសអូស្រ្តាលីរួចមក៕