(ភ្នំពេញ)៖ ក្នុងបេសកកម្មបណ្ដុះបណ្ដាលធនធានមនុស្ស ដែលពោរពេញដោយសមត្ថភាពគ្រប់ជ្រុងជ្រោយ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបញ្ជូលសកម្មភាពអប់រំកាយ និងកីឡាជាច្រើនប្រភេទទៅក្នុងកម្មវិធីសិក្សា ដើម្បីធានាថាសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាទទួលបានទាំងសមត្ថភាព ចំណេះដឹង បំណិន និងសុខភាពរាងកាយមាំមួន។

នាពេលកន្លងមកសាលាបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើនដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងហែលទឹកជាដើមក្នុងគោលបំណង លើកស្ទួយសកម្មភាពកីឡាឱ្យបាន ផុលផុស ចូលរួមពង្រឹងស្មារតីកីឡានិងរឹតចំណងទំនាក់ទំនងល្អក្នុងចំណោមយុវជនជំនាន់ក្រោយរបស់កម្ពុជា។

ជាក់ស្ដែងនៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានធ្វើ ជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួតកីឡាហែលទឹក សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៤ - CIA FIRST Swim Meet 2024 ដោយមានការចូលរួមប្រកួតពីប្អូនៗសិស្សានុសិស្ស ដែលជាកីឡាករហែលទឹកប្រមាណ ៣០០ នាក់ តំណាងមកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គ្រប់សាខា និងសាលាអន្តរជាតិចំនួន ៩ស្ថាប័នផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ ការប្រកួតហែលទឹកក្នុងក្របខណ្ឌកីឡាសាលាអន្តរជាតិនៅរាជធានី ភ្នំពេញ (ISSAPP) នេះ ត្រូវបានរៀបចំឡើងនៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ (ផ្លូវ ២០០៤)។

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលពេញមួយថ្ងៃ ជាលទ្ធផល យើងបានស្វែងរកជ័យលាភី ក្នុងការប្រកួតកីឡាហែលទឹក សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៤ ទាំងលើវិញ្ញសាឯកត្តជន និងវិញ្ញាសាជាក្រុមសរុបចំនួន២២វិញ្ញាសា។ ការប្រកួតបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសសប្បាយ រីករាយ និងស្និទ្ធស្នាល។

គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលជាកីឡាករហែលទឹក ពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងសាលាអន្តរជាតិដទៃទៀត ដែលបានចូលរួមញ៉ាំងឱ្យព្រឹត្តិការណ៍ប្រកួត នេះប្រព្រឹត្តទៅ ដោយជោគជ័យគួរជាទីមោទនៈ៕