(បរទេស)៖ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងក្រុមហ៊ុនចិន Huawei កំពុងបន្តតឹងសសៃកដាក់គ្នា ហើយថែមទាំងមានការហាមប្រាមពីភាគីទាំងសងខាងមិនឈប់ឈរ។ ដោយឡែកនាពេលថ្មីៗនេះ ទទួលបានរបាយការណ៍ថ្មីមកថា រដ្ឋបាលលោក Biden កំពុងពិចារណាលើមុខសញ្ញាក្រុមហ៊ុនចិនចំនួន ៤បន្ថែមទៀត ដែលអាចនឹងប្រឈមមុខនឹងការចុះឈ្មោះចូលបញ្ជីខ្មៅ ខណៈក្រុមហ៊ុនទាំងនេះគឺ សុទ្ធសឹងតែមានទំនាក់ទំនងស្អិតរមួតជាមួយនឹង Huawei។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

យោងតាមប្រភពដែលដកស្រង់ដោយ Bloomberg បានបង្ហាញថា ក្រុមហ៊ុនចិនទាំងនោះមានដូចជា Qingdao Sien, SwaySure, Shenzhen Pensun Technology ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប memory ឈានមុខគេរបស់ប្រទេសចិនគឺ ChangXin Memory Technologies (CXMT) ផងដែរ។

យ៉ាងណាមិញ ជុំវិញករណីនេះត្រូវបានគេឱ្យដឹងថា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីរឹតបន្តឹងមហិច្ឆតារបស់ចិនក្នុងការបង្កើតបញ្ញាសិប្បនិម្មិត្ត AI ក៏ដូចជាផលិតផលពាក់កណ្តាលសម្រេច semiconductor ហើយក៏ជាវិធីសាស្រ្តមួយ ដែលអាចរារាំងប្រទេសចិនពីការរីកចម្រើនវិស័យបច្ចេកវិទ្យាផងដែរ។ បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យសម្ព័ន្ធមិត្តដូចជាហូឡង់ អាល្លឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន រឹតបន្តឹងលើការចូលប្រើប្រាស់បច្ចេកវិទ្យា semiconductor របស់ចិន៕