(បន្ទាយមានជ័យ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានសហការជាមួយអង្គភាពយោធភូមិភាគទី៥ រៀបចំការប្រកួតក្បាច់គុនមិត្តភាព នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាផងដែរ ។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឲ្យដឹងថា ការប្រកួតក្បាច់គុនមិត្តភាពនេះ សម្រាប់កងទ័ពនេះ រៀបចំឡើងលើ ៣ប្រភេទកីឡាផ្សេងគ្នា រួមមានកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទ , ក្បាច់គុនល្បុក្កតោ និងក្បាច់គុនបញ្ចស៊ីឡាត់កម្ពុជា ដោយមានសមាសភាពកីឡាករចូលរួម មកពីសាលាគុនកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ, សាលាគុនល្បុក្កតោរាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ដែលមានកីឡាករធ្លាប់ប្រកួត និងដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នាពេលកន្លងទៅទៀតផង ។

លោក សេង ធារិន បានបញ្ជាក់ថា នេះគឺជាសកម្មភាពថ្មីលើកដំបូង សម្រាប់អង្គភាពក្នុងការរៀបចំការប្រកួតក្បាច់គុនមិត្តភាពនេះឡើង ហើយនឹងឈានទៅការប្រកួតបន្ថែមទៀត ដើម្បីឲ្យស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុងការប្រែក្លាយទស្សនវិស័យឲ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឲ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោយថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា នៃការកសាងសមត្ថភាពយោធិនគ្រប់រូប និងជាខឿនការពារជាតិមាតុភូមិ និងប្រជាជន។

លោកបន្ដថា គោលបំណងសំខាន់ នៃការប្រកួតខាងលើ គឺដើម្បីធ្វើការដកបទពិសោធន៍បច្ចេកទេស ចលនាប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តន៍ខ្លួន តាមបរិបទនៃការរីកចម្រើនវិស័យកីឡា ប្រកបដោយកាលានុវត្តន៍ភាព។ ឆ្លៀតឱកាសនោះ លោកបានអរគុណចំពោះសប្បុរសជន ដែលបានចូលរួមលើកស្ទួយវិស័យកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ តាមរយៈការបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមកសាងសាលាគុនមួយកន្លែង ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សំដៅលើកស្ទួយធនធានមនុស្ស ទាំងកីឡាករ ចៅក្រម អាជ្ញារកណ្តាល ដើម្បីឆ្លើយតបនូវសេចក្តីត្រូវការចំពោះមុខ និងបន្តអភិវឌ្ឍន៍ខ្លួនទៅមុខប្រកបដោយចីរភាពផងដែរ ៕