(បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ គម្រោងផ្សំាបន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សរបស់កំពូលមហាសេដ្ឋីលោក Elon Musk ទើបតែទទួលបានជោគជ័យ ខណៈអ្នកជំងឺដំបូងនោះបានជាសះស្បើយ ១០០ភាគរយហើយ។ ដោយឡែកគម្រោងនោះហាក់ធ្វើឱ្យមានរឿងភ្ញាក់ផ្អើល និងអស្ចារ្យជាច្រើន ដោយអ្នកជំងឺដែលមានពិការភាពនោះអាចលេងអុកតាមអនឡាញបានដោយគ្រាន់តែប្រើការគិតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា អ្នកជំងឺដំបូងរបស់ Musk ដែលទទួលបានគម្រោង Neuralink ដែលស្គាល់ជាទូទៅថា គម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលនោះមានឈ្មោះថា Noland Arbaugh លោកមានវ័យ ២៩ឆ្នាំហើយលោកមានបញ្ហាខ្វិនដៃខ្វិនជើង បន្ទាប់ពីលោកបានជួបឧបទ្ទវហេតុក្នុងអំឡុងពេលមុជទឹក។

តាមរយៈវីដេអូដែលចេញផ្សាយបានបង្ហាញពីសកម្មភាព Arbaugh កំពុងលេងអុកនៅលើកុំព្យូទ័រយួដៃរបស់លោក ដោយធ្វើការផ្លាស់ទីទស្សន៍ទ្រនិច (Cursor) ដោយប្រើឧបករណ៍បន្ទះឈីប Neuralink។ លោក Arbaugh បាននិយាយនៅក្នុងវីដេអូដែលបានចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Musk ដោយសំដៅទៅលើនីតិវិធីផ្សាំថា៖ «ការវះកាត់គឺងាយស្រួលខ្លាំងណាស់»។ ខ្ញុំត្រូវបានចេញពីមន្ទីរពេទ្យត្រឹមតែរយៈពេលមួយថ្ងៃ បន្ទាប់ពីការវះកាត់។ លោកបានគូសបញ្ជាក់ថា «ការចងចាំរបស់ខ្ញុំនៅទាំងអស់ បើទោះបីជាវះកាត់បញ្ចូលបន្ទះឈីបចូលទៅក្នុងខួរក្បាលក៏ពិតមែន ប៉ុន្តែខ្ញុំមិនមានការខូចខាតផ្នែកណាមួយនោះទេ»

លោក Arbaugh បានសម្តែងសេចក្តីរីករាយជាពន់ពេក ដោយលើកឡើងថា «ខ្ញុំគិតថា ខ្ញុំមិនអាចលេងហ្គេម Civilization VI ជាហ្គេមដែលខ្ញុំចូលចិត្តបំផុតទៀតនោះទេ» ប៉ុន្តែវាធ្វើឱ្យខ្ញុំរំភើប «អ្នកទាំងអស់គ្នា, Neuralink បានផ្តល់ឱ្យខ្ញុំនូវសមត្ថភាពក្នុងការធ្វើវាម្តងទៀត ឥឡូវនេះខ្ញុំអាចលេងវាបានដល់ទៅរយៈពេល ៨ម៉ោងជាប់គ្នា»។ លោកបានពោលពាក្យមួយឃ្លាថា «ខ្ញុំមិនចង់ឱ្យមនុស្សគិតថា ពិការភាពជាចុងបញ្ចប់នៃជីវិតនោះទេ, នៅមានការងារជាច្រើនដែលត្រូវធ្វើ, ប៉ុន្តែ Neuralink បានផ្លាស់ប្តូរជីវិតខ្ញុំរួចហើយ»

តែយ៉ាងណា ទាក់ទិននឹងភាពអស្ចារ្យនេះ លោក Kip Ludwig អតីត program director ផ្នែកសសៃប្រសាទនៅវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា អ្វីដែល Neuralink បានបង្ហាញមិនមែនជា «របកគំហើញ» ទេ «វាកំពុងស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ដូច្នេះត្រូវតែបន្តសិក្សាទៅលើវាបន្ថែមទៀតទាំងផ្នែក Neuralink និងផ្នែកជាច្រើនទៀត ដើម្បីបន្កើនចំនួនព័ត៌មាន សម្រាប់មនុស្សក្នុងការគ្រប់គ្រងដែលអាចសម្រេចបាន»