(ភ្នំពេញ)៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Sky fest 2.0 សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសហការជាមួយតំបន់អភិវឌ្ឍន៍ Bay of lights រៀបចំការបង្ហាញអំពីការជិះទូកក្តោង ដោយក្រុមកីឡាករ កីឡាការិនីរបស់សហព័ន្ធ និងការមហាជនមកសាកល្បងជិះកម្សាន្តទូកក្ដោងដោយឥតគិតថ្លៃ ដោយរួមមានការពន្យល់អំពីបច្ចេកទេសនៃការជិះទូកក្តោង ដោយគ្រូបង្វឹកជំនាញរបស់សហព័ន្ធផងដែរ។

ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Sky fest 2.0 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និងមានទីតាំងនៅ Bay of Lights ខេត្តព្រះសីហនុ។

សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងត្រៀមទូកក្តោងចំនួន៥ប្រភេទ សម្រាប់ការជិះបង្ហាញ ក៏ដូចជាដាក់អោយមហាជនជិះសាកល្បងដោយឥតគិតថ្លៃ ដែលរួមមាន៖ ១. ទូកក្តោង Windsurfing ២. ទូកក្តោង WindFoil ៣. ទូកក្តោង ILCA ៤. ទូកក្តោង Byte និង ៥. ទូកក្តោង Optimist។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីនេះនឹងចាប់ផ្តើមនៅពេលព្រឹក វេលាម៉ោង៩៖៣០នាទី ដល់ ១១៖០០នាទី និងពេលរសៀលចាប់ពីវេលាម៉ោង១៤:០០នាទី ដល់ ១៦:៣០នាទី។

ការបង្ហាញអំពីការជិះទូកក្តោង និងការអញ្ជើញមហាជនមកសាកល្បងជិះកម្សាន្តទូកក្ដោងដោយឥតគិតថ្លៃ គឺជាការអនុវត្តន៍តាមចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធ ដោយធ្វើយ៉ាងណាអោយប្រភេទកីឡាទូកក្តោងក្លាយទៅជាប្រភេទកីឡា ចម្បងមួយសម្រាប់ប្រជាជនកម្ពុជាទូទៅបានយល់ច្បាស់អំពីប្រភេទកីឡាទូកក្តោងនេះ៕