(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជា (NPIC) និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់។

នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមន្រ្តីក្រសួង ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាស្រ្តាចារ្យ សិក្ខាកាម និងនិស្សិតនៃវិទ្យាស្ថាន NPIC ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងកម្មវិធី លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានប្រសាសន៍ថា មូលហេតុចម្បងៗ ៣យ៉ាង ដែលជំរុញឱ្យក្រុមហ៊ុនសហការបើកវគ្គបណ្ដុះបណ្ដាលជំនាញនេះឡើង៖

*ទី១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ចង់ពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ជូនទៅដល់សិក្ខាកាមជាងសំណង់ដែលបានបណ្ដុះបណ្ដាលក្នុងគម្រោងអភិវឌ្ឍន៍ជំនាញ ក្រោមការទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

*ទី២ ៖ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ការងារ ស្របតាមស្តង់ដារួមនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជា។  

*ទី៣ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ចង់បង្ហាញពីនវានុវត្តន៍ភាពនៃគំនិតច្នៃប្រឌិតថ្មីក្នុងការផលិតស៊ីម៉ងត៌នៅក្នុងប្រទេសកម្ពុជា យោងតាមបទដ្ឋានលំដាប់ពិភពលោក ស្របតាមនិន្នាការបច្ចុប្បន្ននៃផលិតកម្មដែលកំពុងវិវត្តន៍ទៅជាលក្ខណៈ Green Cement ជាស៊ីម៉ងត៍ដែលប៉ះពាល់តិចបំផុតដល់បរិស្ថាន។

លោកឧកញ៉ា លាង ពៅ ជឿជាក់បំផុតថា ការផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនប្រកបដោយគុណភាពខ្ពស់អនុលោមទៅតាមស្តង់ដា ឬបទដ្ឋានផលិតស៊ីម៉ងត៍កម្រិតអន្តិរជាតិ និងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថានក្នុងកម្រិតតិចតួចបំផុត ដោយគោរពទៅតាមការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជួយបង្កើននូវនិរន្តរភាពទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ។

លោកឧកញ៉ា លាង ពៅ បានបន្ថែមថា សព្វថ្ងៃរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរសិន ដែលមានទីតាំងនៅខេត្តកំពតបាននឹងកំពុងអនុវត្តដំណើរការប្រព័ន្ធច្រវ៉ាក់ផលិតកម្មក្នុងរោងចក្រតាមបែបទំនើបឈ្មោះថា Co-Processing ចេញពីកន្លែងគ្រប់គ្រងសំណល់ឈ្មោះ Eco-cycle តាមរយៈការប្រើប្រាស់ និងកម្ទេចកាកសំណល់ដូចជាកម្ទេចឈើ អាចម៌រណារ អង្កាម ព្រមទាំងសំណល់ឧស្សាហកម្មជាដើម មកកែច្នៃជាថាមពលជំនួសធ្យូងថ្មក្នុងដំណើរការឡដុតស៊ីម៉ងត៍ ដើម្បីផលិតចេញជាស៊ីម៉ងត៍ប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាពិភពលោក ។

លោកឧកញ៉ា ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានសង្កត់ធ្ងន់ថា យ៉ាងណាក៏ដោយ បើសិនជាយើងមានផលិតផលស៊ីម៉ងត៍ដែលផលិតក្នុងស្រុក ដោយក្រុមហ៊ុនសហគ្រិនខ្មែរ ដែលមានគុណភាពស្តង់ដាកម្រិតអន្តរជាតិក៏ពិតមែន ប៉ុន្តែទន្ទឹមគ្នានោះ យើងក៏នៅតែត្រូវការធនធានមនុស្សលើផ្នែកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់លាស់ ឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវផងដែរ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនផលិតស៊ីម៉ងត៌ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់ ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅពេលនេះ។

អមជាមួយគ្នានេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះនឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាផងដែរ។ ឆ្លៀតឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបាននាំយកនូវបច្ចេកវិទ្យាចុងក្រោយក្នុងការផលិតស៊ីម៉ងត៍មានគុណភាពខ្ពស់ដើម្បីបម្រើដល់វិស័យសំណង់។

លោករដ្ឋមន្រ្តី បានបន្ថែមថា តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍មូលធនមនុស្សក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការរួមចំណែកមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលកិច្ចការបណ្តុះបណ្តាលនេះក៏បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅមុនបញ្ចប់កម្មវិធី លោករដ្ឋមន្ត្រី ក៏បានផ្តល់ជាសារណែនាំឱ្យសិក្ខាកាម និងសិស្សានុសិស្សបន្តខិតខំរៀនសូត្រឱ្យបានល្អទាំងជំនាញបច្ចេកទេស និងឥរិយាបទនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនង ព្រោះថាជីវិតការងារទាមទារទាំងចំណេះជំនាញ ឥរិយាបទការងារ និងការប្រាស្រ័យទាក់ទងគ្នា។  

យោងតាម លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកឡើងថា វិទ្យាស្ថាន និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានសហប្រតិបត្ដិការបណ្ដុះបណ្ដាលជំនាញជូនដល់សិក្ខាកាមជាមួយគ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ កាលណោះ ការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាលើកទី១ទៅលើកម្មវិធី Enterprise Base Vocational Education ក្នុងវិស័យមេកានិចទូទៅ ជំនាញបរិក្ខារឧស្សាហកម្ម (Industry Facility) តាមប្រព័ន្ធទ្វេភាគី (Dual System) ដែលជាកម្មវិធីបណ្ដុះបណ្ដាលរវាងសាលា និងសហគ្រាសដោយសិក្សាទាំងក្នុងសាលា និងចុះហ្វឹកហាត់អនុវត្ដផ្ទាល់នៅតាមសហគ្រាសផងដែរ។

លោកបណ្ឌិត បន្ដថា បច្ចុប្បន្នកម្មវិធីនេះបានបណ្ដុះបណ្ដាលសិស្សកម្រិត Diploma បានចំនួន ៨ជំនាន់ មកហើយ ដោយក្នុងនោះមានសិស្សសរុប ៨៩នាក់ ស្រី ២៧នាក់ និងបានបញ្ចប់ដោយជោគជ័យចំនួន ៥ជំនាន់ ដែលមានសិស្សសរុប ៥៨នាក់ ស្រី ១៤នាក់ និងទទួលបានការងារធ្វើនៅក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន សរុបចំនួន ៥៤នាក់ ស្រី ១២នាក់ គិតជាភាគរយស្មើនឹង ៩២%។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានយកចិត្តទុកដាក់សហការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតស្តង់ដាជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ពោលតាំងពីឆ្នាំ២០១៦មកម៉្លេះ។ សម្រាប់កិច្ចសហការបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់ថ្មីនាពេលនេះមានសិក្ខាកាមសរុបចំនួន ៦៦នាក់ នឹងត្រូវបណ្តុះបណ្តាលលើជំនាញកំបោរនៃវិស័យសំណង់សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២, ៣, និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង៕