(ឡុងដ៍)៖ អតីតម្ចាស់មេដាយមាសពិភពលោក ប្រភេទកីឡាការ៉ាតេរបស់ចក្រភពអង់គ្លេស កីឡាករ Jordan Thomas បានប្រកាសពីការចូលនិវត្តន៍របស់លោក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

Thomas បានឈ្នះមេដាយមាស ប្រភេទទម្ងន់ ៦៧គីឡូក្រាម នៅឯព្រឹត្តិការណ៍ European នាប្រទេសហ្វាំងឡង់ កាលពីឆ្នាំ២០១៤ និងបានឈ្នះមេដាយមាសពិភពលោក ក្នុងប្រភេទទម្ងន់ដូចគ្នា នៅប្រទេសអូទ្រីស ២ឆ្នាំបន្ទាប់ ដោយបានយកឈ្នះលើកីឡាករ Yves Martial Tadissi។

បន្ទាប់ពីបរាជ័យ ក្នុងការចូលរួមប្រកួតនៅព្រឹត្តិការណ៍ 2020 Tokyo Olympics កីឡាករវ័យ ៣២ឆ្នាំរូបនេះបានចូលរួមព្រឹត្តិការណ៍ GB Taekwondo World Class Performance Programme។

ទើបមកដល់ពេលនេះលោកបានលើកឡើងថា ឥឡូវនេះដល់ពេលវេលាដែលត្រូវចូលនិវត្តន៍ហើយ។

​«កាលពីប៉ុន្មានឆ្នាំមុន វាមានភាពលំបាកយ៉ាងខ្លាំង។ ខ្ញុំបានផ្ទេរទៅកាន់កីឡាថ្មីពីការ៉ាតេ ទៅកាន់តេក្វាន់ដូ។ ខ្ញុំស្ថិតនៅបាតតារាង ដោយត្រូវរៀនពីជំនាញថ្មី»។ នេះបើតាមសម្តី Thomas បានប្រាប់សារព័ត៌មាន។

​«ខ្ញុំបានជ្រើសរើសការចូលនិវត្តន៍ ដោយសារតែដល់ពេលវេលា ដែលត្រូវបោះជំហានថ្មី នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមានកូនស្រី ហើយនឹងមានកូនម្នាក់ទៀត ក្នុងពេលឆាប់ៗ»។

សូមជម្រាបថា ​Thomas បានដើរតាមគន្លងឪពុករបស់លោក គឺលោក William ដែលជាម្ចាស់មេដាយមាសពិភពលោកការ៉ាតេ ក្នុងឆ្នាំ១៩៩២៕