(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក Intel បានប្រកាសថា ខ្លួនកំពុងរៀបចំផែនការចំណាយ១០០ពាន់លានដុល្លារ នៅទូទាំងរដ្ឋចំនួន៤ របស់សហរដ្ឋអាមេរិក ដើម្បីសាងសង់ និងពង្រីករោងចក្រផលិតបន្ទះឈីប។ ការប្រកាសនេះ បន្ទាប់ពីទទួលបានប្រាក់ ១៩.៥ពាន់លានដុល្លារពីជំនួយ និងកម្ចីសហព័ន្ធ ហើយសង្ឃឹមថានឹងធានាបាននូវការកាត់បន្ថយពន្ធចំនួន២៥ពាន់លានដុល្លារទៀត។ នេះបើតាមការចេញផ្សាយដោយសាព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ចំណុចសំខាន់នៃផែនការចំណាយរយៈពេល៥ឆ្នាំរបស់ក្រុមហ៊ុន Intel នេះ គឺកំពុងបង្វែរដីវាលទទេនៅជិតទីក្រុង Columbus រដ្ឋ Ohio ទៅជាអ្វីតំបន់ផលិតបន្ទះឈីប ខណៈ នាយកប្រតិបត្តិក្រុមហ៊ុននេះនលោក Pat Gelsinger បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ៍ថា ទីតាំងនេះនឹងក្លាយជាកន្លែងផលិតបន្ទះឈីប AI ដ៏ធំបំផុតនៅលើពិភពលោក ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៧។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់មូលនិធិសហព័ន្ធដល់ក្រុមហ៊ុន Intel ក្រោមច្បាប់ CHIPS កាលពីថ្ងៃពុធកន្លងទៅ ជុំគម្រោងសាងសង់នេះ។

ក្រៅពីរដ្ឋ Ohio ផែនការរបស់ក្រុមហ៊ុន Intel ក៏នឹងពាក់ព័ន្ធនឹងការកែប្រែទីតាំងនៅ New Mexico និង Oregon និងការពង្រីកប្រតិបត្តិការនៅក្នុងរដ្ឋ Arizona ផងដែរ ដែលជាកន្លែងគូប្រជែងយូរអង្វែងគឺក្រុមហ៊ុនតៃវ៉ាន់ TSMC កំពុងសាងសង់រោងចក្រដ៏ធំមួយនៅទីនោះ។

គួរជម្រាបថា ជុំវិញគម្រោងនេះ CEO របស់ Intel លោក Gelsinger បាននិយាយថាប្រហែល ៣០% នៃផែនការ១០០ពាន់លានដុល្លារ នឹងត្រូវចំណាយលើការសាងសង់ដូចជាបំពង់, បេតុង និង កម្លាំងពលកម្ម។ អ្វីដែលនៅសេសសល់ នឹងឆ្ពោះទៅរកការទិញឧបករណ៍ផលិតបន្ទះសៀគ្វីពីក្រុមហ៊ុននានាដូចជា ASML , Tokyo Electron , Applied Materials និង KLA ជាដើម៕