(ប៉ារីស)៖ ការប្រតិកម្មរបស់រុស្ស៊ី ចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (IOC) ក្នុងការហាមឃាត់អត្តពលិករបស់ខ្លួន ពីការហែក្បួនក្នុងពិធីបើកព្រឹត្តិការណ៍ Paris Games នោះគឺជា «ពាក្យសម្តីគួរឱ្យស្អប់ខ្ពើម»។ នេះជាសម្តីរដ្ឋមន្ត្រីកីឡាបារាំង លោកស្រី Amelie Oudea Castera ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

IOC បានប្រកាសនៅថ្ងៃអង្គារ ហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស្ស ដែលបានចូលរួមប្រកួត ក្នុងនាមជាអត្តពលិកអព្យាក្រិត្យក្នុងព្រឹត្តិការណ៍ Olympics នាឆ្នាំនេះ ពីការហែក្បួនពិធីបើក ដោយសារតែសង្គ្រាម នៅប្រទេសអ៊ុយក្រែន ដែលទីក្រុង Moscow ហៅថា «ប្រតិបត្តិការយោធាពិសេស»។

​អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធបានលើកឡើងថា ការសម្រេចចិត្តរបស់ IOC បានបំផ្លាញលើគំនិតស្មើភាពរបស់អូឡាំពិក និងប៉ះពាល់ដល់ផលប្រយោជន៍របស់អត្តពលិក។

លោកស្រី Oudea Castera បានប្រាប់សារព័ត៌មានថា «ពាក្យដែលបានប្រើ គឺគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យស្អប់ខ្ពើម»។

លោកស្រីបន្ថែមថា «ខ្ញុំគិតថា ទាំង IOC និង IPC (គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ) មានភាពច្បាស់លាស់ និងស្របគ្នាក្នុងការសម្រេចចិត្តដែលពួកគេបានធ្វើ ដើម្បីធានាថា រុស្ស៊ីមិនដង្ហែក្បួនក្នុងពិធីបើក»។

​យ៉ាងណាមិញ ការសម្រេចចិត្តថាតើអត្តពលិករុស្ស៊ី និងបេឡារុស្ស អាចចូលរួមក្នុងពិធីបិទ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយនោះទេ៕