(បរទេស)៖ ដូចទៅនឹងការប្រកាសកាលពីសប្តាហ៍មុនរបស់ Apple ឆាប់ៗនេះខ្លួននឹងបើកដំណើរការ Apple Store ទី៨ របស់ខ្លួននៅក្នុងប្រទេសចិន ដែលមានឈ្មោះថា Apple Jing’an។ ជាការពិត Apple Store នោះនឹងចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះតែម្តង ដោយក្នុងនោះព្រឹត្តិការណ៍បើកសម្ពោធនោះសូម្បីតែ CEO ក្រុមហ៊ុន Apple លោក Tim Cook ក៏បានអញ្ជើញចូលរួមផងដែរ។ នេះបើយោងតាមការចេញដោយ AppleInsider។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា លោក Tim Cook បច្ចុប្បន្ននេះ កំពុងស្នាក់នៅទីក្រុងសៀងហៃ ដើម្បីចូលព្រឹត្តិការណ៍សម្ពោធ និងបើកដំណើរការ Apple Jing’an ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមីនាដែលត្រូវនឹងថ្ងៃព្រហស្បតិ៍នេះតែម្តង។ យ៉ាងណាមិញមុនពេលបើកដំណើរការហាងថ្មីនេះ លោក Tim Cook បានធ្វើការផ្សព្វផ្សាយអំពីក្រុមហ៊ុន Apple ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក រួមទាំងការទទួលទានអាហារពេលព្រឹកជាមួយតារាសម្តែងចិនដ៏ល្បីឈ្មោះលោក Zheng Kai នៅក្នុងប្រទេសចិន ដោយលោកបានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់ក្រុមហ៊ុន Apple ជាមួយនឹងប្រទេសចិន។

ប្រភពពីកាសែត China Daily បានដកស្រង់ពាក្យសំដីរបស់លោក Cook ថា «មិនមានខ្សែសង្វាក់ផ្គត់ផ្គង់ណា នៅលើពិភពលោកដែលមានសារៈសំខាន់សម្រាប់យើង ជាងប្រទេសចិននោះទេ»។ Cook បានគូសបញ្ជាក់ថា «បើទោះបីជាពេលថ្មីៗនេះ ផលិតផលជាច្រើនរបស់យើងបានចាកចេញពីប្រទេសចិនក៏ពិតមែន ប៉ុន្តែប្រវត្តិសាស្រ្តជិត ៣០ឆ្នាំរបស់ក្រុមហ៊ុន Apple ជាមួយប្រទេសចិននឹងនៅតែបន្តជារៀងរហូត»។ លោកបានបន្តថា៖ «យើងបាននិងកំពុងសាងសង់ និងវិនិយោគកាន់តែច្រើនឡើង»។ រោងចក្រសព្វថ្ងៃនេះទំនើបជាងមុន ហើយក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ យើងនឹងបន្តដំណើរការទៅមុខទៀតកាន់តែទំនើប»

គួរជម្រាបដែរថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Cook បានជួបជាមួយនឹងបុគ្គលកំពូលៗមួយចំនួន ក្នុងនោះរួមមាន អ្នកផ្គត់ផ្គង់ BYD, Lens និង Everwin នៅក្នុងការិយាល័យរបស់ Apple នៅទីក្រុងសៀងហៃ នឹងបានធ្វើការពិពណ៌នាអំពីផលិតផលរៀងៗខ្លួន។ នេះបើយោងតាមរបាយការណ៍ពី China Daily៕