(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសនឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដោយគ្រោងចំណាយពេលប្រកួតយូរជាងមុនរហូតដល់ ២ខែ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខ ដ្បិតរដូវកាលមុន ប្រើពេលត្រឹមជាង ១ខែប៉ុណ្ណោះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក នៅថ្ងៃសុក្រនេះបានឲ្យដឹងថា សម្រាប់រដូវកាលថ្មី នៃពានរង្វាន់ Soccer League លើកទី៧ នេះ ដូចគ្នាកាលពីឆ្នាំមុន ដោយមាន ២ប្រភេទវិញ្ញាសា គឺវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី ដែលនឹងចាប់ផ្ដើមទលក់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅអគារ The Kampus។

សម្រាប់ក្រុមដែលមានសិទ្ធិចូលរួមប្រកួតវិញ គឺជាក្រុមបាល់ទាត់ក្រសួង-ស្ថាប័ន, ស.ស.យ.ក ទាំង ២៥រាជធានី-ខេត្ត និងវិស័យ, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរ អង្គរភាព ក្រុង ស្រុក ខណ្ឌ និងក្រុមហ៊ុនឯកជន សមាគម និងអង្គការនានា។ ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងជាជនជាតិខ្មែរ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត ពិសេសកីឡាករ ដែលមិនមានឈ្មោះលេងលីគកំពូល លីគទី២ និងពានសម្ដេចតេជោ ហ៊ុន សែន ចាប់ពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្នជាដើម។

គួរដឹងថា កាលពីរដូវកាលមុនពាន Soccer League លើកទី៦ គឺមានក្រុមចូលរួមសរុប ៧៤ក្រុម ក្នុងនោះមានក្រុមបាល់ទាត់បុរស ៦៤ក្រុម និងក្រុមបាល់ទាត់នារី ១០ក្រុម ខណៈជាលទ្ធផល គឺក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ គ្រាដែលផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់សូភីណាអេហ្វស៊ី។

សូមរំឮកថា ពាន Soccer League ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំដោយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ពាននេះត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីគ្រប់ក្រសួង-ស្ថាប័ន និងឯកជន ទូទាំងរាជធានី-ខេត្ត ដើម្បីបង្ហាញសមត្ថភាពជាមួយសកម្មភាពកីឡា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបំផុសចលនាកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព របស់យុវជនទូទាំងប្រទេស និងដើម្បីបង្កើតនូវធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើនផងដែរ៕