(ក្រុងឡុងដ៍)៖ ខ្សែបម្រើស្លាប Bukayo Saka ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក កាំភ្លើងធំ Arsenal ផងនោះ ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិតោកំណាចអង់គ្លេសវិញហើយ ពីជំនួបមិត្តភាពអន្តរជាតិទល់នឹង សាំបាប្រេស៊ីល និងបិសាចក្រហមប៊ែលហ្សិក ដោយសារមានរបួស។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករទើបតែមានវ័យ ២២ឆ្នាំខាងលើនេះ បានរងរបួសនាពេលអំឡុងហ្វឹកហាត់ជុំគ្នានៅទីលាន St George’s Park កាលពីដើមសប្តាហ៍នេះ ដើម្បីត្រៀមលក្ខណៈសម្បតិ្តលេងមិត្តភាពអន្តរជាតិ ២ប្រកួតទល់នឹងក្រុមខ្លាំងមានដូចជា ប្រេស៊ីល និងប៊ែលហ្សិកនាចុងខែមីនានេះ។

ជាមួយនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់លម្អិតផងនោះ Saka ត្រូវបានអ្នកចាត់ការទូទៅអង់គ្លេស លោក Gareth Southgate បង្ខំដកឈ្មោះចេញវិញ បន្ទាប់ពីរូបគេធ្លាប់បានចូលលេង ៣២ប្រកួត និងស៊ុតបាន ១១គ្រាប់ផងដែរជាមួយតោកំណាច ដើម្បីបានវិលត្រឡប់ទៅកាន់ Arsenal វិញ ក្នុងការជួយក្រុមនេះប្រកួតទល់នឹង Manchester City នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្របខណ្ឌ Premier League 2023-2024។

បើតាមសេចក្តីថ្លែងការណ៍របស់ FA បានបញ្ជាក់ថា កន្លែងរបស់ Saka មិនមានកីឡាករផ្សេងមកជំនួស ក្នុងបញ្ជីទាំង ២៥នាក់ ដើម្បីប្រកួតទល់នឹងប្រេស៊ីលនៅរាត្រីថ្ងៃសៅរ៍ស្អែកនេះក្នុងកីឡដ្ឋាន Wembley នោះទេ មុនពេលស្វាគមន៍ប៊ែលហ្សិក នៅកីឡដ្ឋានជាតិនេះដដែល នាថ្ងៃទី២៦ នៃខែដដែល៕