(ម៉ូនិច)៖ ប្រធានកិត្តិយសរបស់ក្លិប Bayern Munich លោក Uli Hoeness និយាយថា នៅពេលនេះក្លិបកំពុងមានប្រកួតប្រជែងជាមួយក្លិបលីគអង់គ្លេស Liverpool ដើម្បីនាំយកលោក Xabi Alonso ធ្វើជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេ, នេះបើយោងតាមប្រភពពី BBC ឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Alonso ដែលជាអតីតខ្សែបម្រើឆ្នើមរបស់ហង្សក្រហម Liverpool បច្ចុប្បន្នកំពុងដឹកនាំក្រុម Bayer Leverkusen ឡើងជើងខ្លាំងនារដូវកាលនេះក្នុងការឈានទៅយកតំណែងជើងឯកលីគ Bundesliga ជាលើកដំបូងរបស់ពួកគេ ដោយកំពុងនាំមុខដាច់ ១០ពិន្ទុ ខណៈ Bayern និង Liverpool បានព្យាយាមស្វែងរកអ្នកចាត់ការថ្មីនៅរដូវក្តៅនេះ។

របាយការណ៍ពី Ran Sport បានឱ្យដឹងថា ក្លិប Liverpool, Real Madrid, FC Barcelona និង Bayern Munich កំពុងធ្វើការលើរឿងនេះ ខណៈដែលក្លិប Bayer Leverkusen ក៏កំពុងព្យាយាមរក្សា Alonso ជាបន្តទៀតផងដែរ។

រំលឹកផងថា Xabi Alonso កំពុងមានកិច្ចសន្យាដឹកនាំក្រុម Bayer Leverkusen រហូតដល់ឆ្នាំ២០២៦ ខណៈរូបលោកធ្លាប់បានចំណាយពេល ៥រដូវកាលលេងឱ្យ Liverpool នឹង ៦រដូវកាលលេងនៅក្រុម Real Madrid មុនបន្តផ្ទេរមក Bayern Munich បានចំនួន ៣រដូវកាលមុនប្រកាលចូលនិវត្តន៍ ហើយឈានជើងចូលការងារគ្រូបង្វឹកនៅកម្រិតក្លិប Real Sociedad B ៕