(ខាឌីស)៖ ៣ប្រកួតផ្តាច់ព្រ័ត្រត្រូវបានរកឃើញហើយ ក្នុងការប្រជែងកៅអីទៅលេងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមកនាយប់មិញនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អ៊ុយក្រែន ត្រូវឡើងទៅជួបគូប្រជែងអ៊ីស្លង់ជាបន្តទៀត ក្រោយពួកគេយកឈ្នះម្ចាស់ផ្ទះបូស្នី ២-១ គ្រាដែលគូប្រជែងបន្ទាប់អ៊ីស្លង់ ក៏បានទម្លាក់អ៊ីស្រាអែល ៤-១ ផងដែរ នៅពេលដែលហ្សកស៊ី បំបាក់លុចសាំបួរ ២ទល់នឹង០ ត្រូវឡើងទៅប៉ះក្រិក ដែលបានលត់កាហ្សាក់ស្ថាន ៥-០ ផងដែរ។

ជាមួយគ្នានោះ ម្ចាស់ផ្ទះវ៉េល ក៏បានទម្លាក់ហ្វាំងឡង់ ៤-១ នៅពេលគូប្រជែងរបស់ពួកគេ គឺប៉ូឡូញក៏បានបំបាក់អ៊ីស្តូនី ៥-១ នារាត្រីឆ្លងចូលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

គួរបញ្ជាក់ផងថា ការប្រកួតជុំផ្តាច់ព្រ័ត្ររវាង ៣គូខាងលើនេះ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមឈ្នះ នឹងទទួលបានកៅអី១ ដើម្បីទៅលេងពាន Euro 2024 នៅប្រទេសអាល្លឺម៉ង់នាអំឡុងខែមិថុនាខាងមុខ ដោយត្រូវបំពេញក្នុងពូល D, E និងពូល F នៃវគ្គ ២៤ក្រុមចុងក្រោយ៕