(បរទេស)៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តជាឯកច្ឆ័ននូវដំណោះស្រាយជាសាកលជាលើកដំបូង ស្តីពីបញ្ជាសិប្បនិម្មិត្ត (AI) ដែលលើកទឹកចិត្តឱ្យប្រទេសនានាការពារសិទ្ធិមនុស្ស ការពារទិន្នន័យផ្ទាល់ខ្លួន និងត្រួតពិនិត្យ AI សម្រាប់ការកើតមានហានិភ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ruters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដំណោះស្រាយដ៏សំខាន់នេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក និងសហការឧបត្ថម្ភដោយប្រទេសចំនួន ១២០ផ្សេងទៀត រួមទាំងប្រទេសចិន ដែលមានបំណងតភ្ជាប់ការបែងចែកឌីជីថលរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចឱ្យប្រទេសទាំងអស់ទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI ។ ដំណោះស្រាយនេះបង្ហាញពីភាពបន្ទាន់នៃការបង្កើតប្រព័ន្ធ AI ប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តទូទាំងពិភពលោក ហើយលើកទឹកចិត្តឱ្យមានការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រង AI ប្រកបដោយការទទួលខុសត្រូវ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា «ថ្ងៃនេះសមាជិកទាំង ១៩៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានរួមគ្នាជាសំឡេងតែមួយ ហើយរួមគ្នាជ្រើសរើសដើម្បីគ្រប់គ្រងបញ្ញាសិប្បនិមិ្មត្ត ជាជាងអនុញ្ញាតឱ្យវាគ្រប់គ្រងពួកយើង»

គួរជម្រាបដែរថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានគូសបញ្ជាក់ថា ដំណើរការចរចារសម្រាប់ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ញាសិប្បនិមិត្តបានចំណាយពេលជិត ៤ខែមុននឹងឈានដល់ការអនុម័តជាសាកល ប៉ុន្តែវាបានផ្តល់ឱ្យពិភពលោកនូវ «គោលការណ៍គ្រឹះមួយ ដើម្បីដឹកនាំការអភិវឌ្ឍន៍ និងការប្រើប្រាស់បច្ចេកវិទ្យា AI នាពេលអនាគត ដោយគ្មានការក្លែងបន្លំ»