(បរទេស)៖ នៅសប្តាហ៍នេះ មានពាក្យចចាមអារ៉ាមថ្មីមួយលើកឡើងថា ក្រុមហ៊ុនApple បានបណ្តាក់ទុនរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាថ្នាំកូតថ្មី សម្រាប់អេក្រង់ iPhone នាពេលអនាគត។ បច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យអេក្រង់ iPhone នាពេលអនាគត «ធន់នឹងការឆ្កូត» តាមរយៈការបន្ថែមស្រទាប់ប្រឆាំងនឹងការឆ្លុះបញ្ចាំងថ្មី ប៉ុន្តែវានឹងមិនរួចរាល់សម្រាប់ iPhone 16 នៅឆ្នាំនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន 9to5mac នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ពាក្យចចាមអារ៉ាមនេះ ត្រូវបានបង្ហើបតាមរយៈគណនី Weibo របស់ Instant Digital ដែលបានចែករំលែកព័ត៌មានអំពីការប្រកាស iPhone នាពេលខាងមុខ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានបង្កើតឧបករណ៍ម្យ៉ាង ដើម្បីធានាថាអេក្រង់ iPhone នាពេលអនាគត គឺមានភាពរឹង ធន់នឹងការឆ្កូតនានា។ តែយ៉ាងណា សម្រាប់លក្ខណៈពិសេសនេះទំនងជាមានសម្រាប់ iPhone17 ដែលនឹងបញ្ចេញនៅឆ្នាំ២០២៥ ពោលគឺមិនមែនសម្រាប់ iPhone16 នោះទេ។

តាមប្រភពបច្ចេកវិទ្យានេះ ទើបតែត្រូវបានប្រគល់ទៅឱ្យដៃគូខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple នៅក្នុងប្រទេសចិនប៉ុណ្ណោះ តែវានឹងមិនទាន់រួចរាល់សម្រាប់ iPhone 16 ដែលនឹងចេញលក់ក្នុងរយៈពេលពីរបីខែទៀតនោះទេ ដោយក្រុមហ៊ុន Apple នឹងបញ្ចូលលក្ខណៈពិសេសនេះសម្រាប់គោលដៅនៃការចេញលក់ iPhone 17 ស៊េរីនៅឆ្នាំ ២០២៥វិញ៕