(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតដំបូង ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្ដរជាតិ FIFA Series ដោយចាញ់ក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Prince Abdullah Al-Faisal នៃប្រទេសអារ៉ាប៊ីសាអូឌី កាលពីយប់មិញ ខណៈអ្នកគាំទ្រជាច្រើនថា ក្រុមគោព្រៃធ្វើបានល្អ ទោះបីបរាជ័យក៏ពិតមែន។

ជំនួបឆ្លងទ្វីបដ៏កម្រដែលចាប់ផ្ដើមការប្រកួតម៉ោង ២ រហូតដល់ប្រមាណម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមីនានេះ ក្រុមកំពុងឈរលេខរៀងទី៧៩ នៃតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ហ្គីណេអេក្វាទ័រ រកបាន ២គ្រាប់តែម្តងនៅវគ្គទី១ ដោយកីឡាករ Joan Lopez Elo នៅនាទី១០ និងកីឡាករ Basilio Scoliche នៅនាទី៣៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

យ៉ាងណាមិញ ការប្រកួតជាមួយក្រុមមានកម្រិតខ្ពស់ជាង និងសម្បូរដោយកីឡាករមានកាយសម្បទាធំៗនេះ កីឡាករក្រុមជម្រើសជាតិកម្ពុជា មិនបានរុញរាក្នុងការប្រយុទ្ធលើទីលានឡើយ ដ្បិតត្រូវបានក្រុមហ្គីណេអេក្វាទ័រ គ្រប់គ្រងបាល់ច្រើន តែកម្ពុជា ក៏មានឱកាសក្នុងការបណ្ដើរបាល់ចូលតំបន់គ្រោះថ្នាក់ និងស៊ុតលើគូប្រកួតជាបន្ដបន្ទាប់ដែរ។ ការណ៍នេះនាំឲ្យអ្នកគាំទ្រក្រុមគោព្រៃ មានការកោតសរសើរ ចំពោះការខំប្រឹង និងធ្វើបានល្អរបស់កីឡាករកម្ពុជា ទោះមិនអាចស៊ុតបំប៉ោងសំណាញ់ទីក្រុមមកពីទ្វីបអាហ្វ្រិកនេះក៏ដោយ។

បន្ទាប់ពីជំនួបបើកឆាកការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកខាងលើ កម្ពុជា នឹងបន្ដជួបក្រុមមកពីទ្វីបអាមេរិកខាងត្បូងវិញម្ដង គឺក្រុមជម្រើសជាតិហ្គីយ៉ាន នារាថ្ងៃទី២៦ ខែមីនា (ត្រូវនឹងម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា នៅកម្ពុជា) នៅទឹកដីកណ្ដាលនៃប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា។

គួរដឹងថា ពានរង្វាន់ FIFA Series ត្រូវបានបញ្ចូលក្នុងកាលវិភាគប្រកួតមិត្តភាពអន្ដរជាតិ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក្នុងខែមីនា ឆ្នាំ២០២៤ នេះ ក្នុងទិសដៅសាលសមត្ថភាពការប្រកួតជាសកល បន្ទាប់ពីគោលដៅយុទ្ធសាស្ដ្រនេះ ត្រូវបានសម្រេចដោយក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក កាលពីចុងឆ្នាំ២០២២៕