(បរទេស)៖ ជាលើកដំបូងដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung សម្រេចផ្តល់ការគាំទ្រផ្នែកសហ្វវែលសម្រាប់ Galaxy S24 បានរហូតដល់ទៅ ៧ឆ្នាំ ខណៈការផ្តល់ជូននេះធ្វើឱ្យអ្នកគាំទ្រ Samsung មានភ្ញាក់ផ្អើលជាខ្លាំង។ ដោយឡែកតាមរបាយករណ៍ចុងក្រោយនេះ Samsung បានប្រកាសថា ខ្លួននឹងពង្រីកការគាំទ្របន្ថែមទៀតសម្រាប់ត្រូកូល Enterprise Edition មួយចំនួនរបស់ខ្លួនឱ្យកាន់តែមានការគាំទ្របានយូរ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Tablets ដែលស្ថិតក្នុងត្រកូល Enterprise Edition ឬប្រភេទ Tablets អាជីវកម្ម ដែលចេញលក់ក្នុងឆ្នាំ២០២៤ ឬជំនាន់ក្រោយ នឹងទទួលបានការគាំទ្ររហូតដល់ទៅ ៨ឆ្នាំឯណោះ។ ខណៈបច្ចុប្បន្ននេះ គឺចាប់ផ្តើមពីម៉ូដែល Galaxy Tab Actives5 ដែលចេញលក់កាលពីខែមករា និងម៉ូដែលជំនាន់ថ្មីបន្តបន្ទាប់ទៀត។

ដោយឡែកចំពោះស្មាតហ្វូនអាជីវកម្មដូចជា Galaxy Xcover7 ក្រុមហ៊ុន Samsung នឹងផ្តល់ការគាំទ្ររយៈពេល ៧ឆ្នាំ ដូចទៅនឹងម៉ូដែល Galaxy S24 សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។ គូសបញ្ជាក់ដែរថា នៅពេលដែល Samsung ចាប់ផ្តើមបើកដំណើរការ Tab Active និង Xcover ដំបូងគឺ ផ្តល់ជូនការគាំទ្រត្រឹមតែរយៈពេល ៤ឆ្នាំប៉ុណ្ណោះសម្រាប់កំណែប្រតិបត្តិការ និងរយៈពេល ៥ឆ្នាំសម្រាប់ការគាំទ្រ។

គួរជម្រាបដែរថា ព័ត៌មាននេះ ត្រូវបានចែករំលែកនៅលើ LinkedIn ដោយនាយកប្រតិបត្តិ Samsung កាន់នៅប្រទេសហូឡង់ ហើយការផ្តល់ជូននេះនឹងមានសម្រាប់តែប្រភេទ Tablets និងស្មាតហ្វូនអាជីវកម្មប៉ុណ្ណោះ។ តែយ៉ាងណាប្រភពនៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើវាអាចនឹងមានការផ្លាស់ប្តូរ ដោយបន្ថែមផ្តល់ការគាំទ្រនេះទៅឧបករណ៍ប្រើប្រាស់ទូទៅ ឬមួយក៏អត់៕