(ម៉ាឡេស៊ី)៖ រដ្ឋាភិបាលបាននិយាយថា ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ (22 មីនា) បានសម្រេចចិត្តប្រឆាំងនឹងការធ្វើម្ចាស់ផ្ទះកីឡា Commonwealth Games 2026 ដោយសារតែការចំណាយ ដែលត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍កីឡាចម្រុះមួយហួសសម័យដោយមត្តិមួយចំនួន, នេះបើតាមរដ្ឋាភិបាលបានឱ្យដឹងហើយត្រូវបានចុះផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លៃងការណ៍មួយពីរដ្ឋមន្ត្រី Hannah Yeoh បានឱ្យដឹងថា «ក្រសួងយុវជន និងកីឡាបានប្រកាសការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការមិនទទួលយកការផ្តល់ជូនពីសហព័ន្ធកីឡា Commonwealth (CGF) ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា Commonwealth 2026»

ដែលការសម្រេចចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Anwar Ibrahim បន្ទាប់ពីការដករដ្ឋ Victoria របស់អូស្ត្រាលីចេញកាលពីឆ្នាំ២០២៣ ក្រោយពេលបានសម្រេចកាលពីឆ្នាំ២០២២។

ខណៈនេះសហព័ន្ធកីឡា CGF កំពុងតែព្យាយាមស្វែងរកម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពី Victoria បានដកខ្លួនកាលពីខែកក្កដាឆ្នាំ២០២៣ ដោយសារតែការចំណាយនេះផងដែរ ខណៈសហព័ន្ធ បានផ្តល់ជូនម៉ាឡេស៊ី និងម្ចាស់ផ្ទះមានសក្តានុពលផ្សេងទៀតចំនួន ១០០លានផោន ដែលស្មើនឹងប្រមាណ ( ១២៥លានដុល្លារ) ដើម្បីជំនួសរដ្ឋ Victoria ។

រំលឹកផងថា កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍កីឡាចម្រុះ Commonwealth Games នៅទឹកដីចក្រភពអង់គ្លេស មានប្រទេសចូលរួមប្រកួតប្រជែងប្រមាណ ៧៤ប្រទេស ជាមួយនឹងអត្តពលិកប្រមាណ ៥,០៥៤នាក់ ដែលមាន ២៨០វិញ្ញាសាប្រកួតក្នុង ២០ប្រភេទកីឡា ដែលជាការប្រកួតកីឡាចម្រុះមួយត្រូវបានបង្កើតឡើងតាំងឆ្នាំ១៩៣០ ស្មើគ្នាជាមួយការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ផងដែរ៕