(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡានយក្សរបស់អាមេរិក Amazon បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍ថា ខ្លួនបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់និយតករបារាំង (CNIL) ក្នុងការផាកពិន័យក្រុមហ៊ុនខ្លួននូវទឹកប្រាក់ចំនួន៣៤.៥៨លានដល្លារ សម្រាប់ការបង្កើតប្រព័ន្ធត្រួតពិនិត្យសកម្មភាព និងការអនុវត្តរបស់បុគ្គលិក។ នេះបើតាមការចញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

កាលពីខែមករាកន្លងទៅ CNIL បានពិន័យក្រុមហ៊ុន Amazon France Logistique ដែលគ្រប់គ្រងឃ្លាំងដ៏ធំរបស់ក្រុមហ៊ុនមេ Amazon នៅប្រទេសបារាំង សម្រាប់អ្វីដែលនិយតករបានហៅថា ជាប្រព័ន្ធឃ្លាំមើល «រំខានខ្លាំងពេក» ។ ជុំវិញការសម្រេចនេះ Amazon បាននិយាយនៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅ Reuters ថា «យើងមិនយល់ស្របដាច់ខាតចំពោះសេចក្តីសម្រេចរបស់ CNIL ដែលតាមពិតមិនត្រឹមត្រូវ ហើយយើងបានប្តឹងឧទ្ធរណ៍»

ជុំវិញករណីនេះ និយ័តករបារាំង CNIL មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់រ៉យទ័រសម្រាប់ការអត្ថាធិប្បាយទេ៕