(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ(KIF) នឹងរៀបចំនូវក្រមសីលធម៌គុនខ្មែរ ដែលជាបទបញ្ញាត្តិរួមមួយ សម្រាប់ពង្រឹងការគ្រប់គ្រងគុនខ្មែរ តាមបណ្ដាប្រទេសសមាជិកលើពិភពលោក ក៏ដូចជាផ្ដល់នូវទំនុកចិត្ត និងភាពកក់ក្ដៅបន្ថែមទៀត ដល់បណ្ដាប្រទេសដែលចង់ចូលជាសមាជិក ដើម្បីជំរុញគោលដៅពង្រីកសមាជិកឲ្យបានជាង ៧៥ប្រទេស ដើម្បីស្វែងរកការគាំទ្រជាសមាជិក និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំដោយប្រធានសហព័ន្ធលោក មាម រ៉ា ដើម្បីពិភាក្សាពីផែនការឆ្នាំ២០២៤-២០២៥ ពិសេសដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក ខួបលើកទី៥ ឲ្យបានអធិកអធម នៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រុមសីលធម៌គុនខ្មែរ គឺក្រុមមួយ សម្រាប់អនុវត្តទូទាំងពិភពលោក ដែលមានប្រទេសជាសមាជិក KIF ។ ដូច្នេះសហព័ន្ធនឹងខំប្រឹងរៀបចំក្រមនេះឡើង ហើយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់ពីឋានានុក្រម បេសកកម្ម គោលបំណង ការទទួលខុសត្រូវ ការអភិវឌ្ឍ និងដំណោះស្រាយផ្សេងៗ ដោយប្រកាន់យកនូវគោលការណ៍រួមមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរយូរអង្វែងទៅថ្ងៃអនាគត ។

លោកពន្យល់ថា «ក្រមសីលធម៌គុនខ្មែរ គឺជាច្បាប់ទម្លាប់ ជាបទបញ្ញាត្តិ សម្រាប់ដាក់ចេញនូវរបៀបរៀបរយក្នុងការគ្រប់គ្រងគុនខ្មែរ ប្រកបដោយសណ្ដាប់ធ្នាប់ល្អលើពិភពលោក ។ យើងធ្វើឲ្យពិភពលោកមានសណ្ដាប់ធ្នាប់មួយក្នុងទទួលយកគុនខ្មែរ និងពង្រីកគុនខ្មែរឲ្យត្រូវតាមក្រមនេះ ។ នេះគឺជាអ្វីដែលយើងខំប្រឹង ដើម្បីជួយដល់ជាតិ ហើយគុនខ្មែររបស់យើង នឹងស្ថិតនៅក្នុងភាពរីកចម្រើនមួយ ដែលមានស្ថេរភាព និងចីរភាពក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»

បច្ចុប្បន្ន KIF មានសមាជិកចំនួន ៥៤ប្រទេស ហើយថ្មីៗនេះ ម៉ុងហ្គោលី ក៏បានស្នើសុំចូលជាសមាជិកដែរ ។ KIF មានបទបញ្ជា និងលក្ខន្ដិកៈរបស់សហព័ន្ធគុនខ្មែរ តែមិនទាន់មានច្បាប់គ្រងជាសកលមួយ ដែលហៅថា ក្រុមសីលមធម៌គុនខ្មែរនោះទេ ។ ដូច្នេះបើសិន KIF មានក្រម ឬបន្ទាត់ច្បាស់លាស់មួយឲ្យគេ មានប្រភពល្អ មានសណ្ដាប់ធ្នាប់ល្អ ក្នុងការពង្រាយគុនខ្មែរលើពិភពលោក លោកជឿជាក់ថា នឹងអាចអូសទាញបណ្ដាប្រទេសលើពិភពលោកចូលជាសមាជិកកាន់តែច្រើនថែមទៀត ។ លោក វ៉ាត់ ចំរើន បន្ថែម ។

លោកបន្ដថា «គោលដៅរបស់យើង ធ្វើម៉េចទាក់ទាញប្រទេសចូលជាសមាជិក KIF ឲ្យបានជាង ៧៥ប្រទេស ដើម្បីស្នើសុំ IOC ចូលជាសមាជិក ។ គោលដៅនេះហើយ ដែលយើងត្រូវខំពង្រឹងផ្ទៃក្នុង និងសមត្ថភាពរបស់យើង ឲ្យបានល្អ និងមានបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រង ដឹកនាំសណ្ដាប់ធ្នាប់គុនខ្មែរលើពិភពលោកឲ្យបានល្អ ។ ការងារទាំងអស់នេះ ត្រូវការខំប្រឹងទាំងអស់គ្នា និងខ្ញុំសូមអំពាវនាវឲ្យមានការគាំទ្រគំនិតផ្ដួចផ្ដើមនេះ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងអភិរក្សគុនខ្មែររបស់យើង យូរអង្វែង និងប្រកបដោយចីរភាពទៅមុខ»

គួរដឹងថា ក្រៅពីដាក់ផែនការរៀបចំក្រមសីលធម៌គុនខ្មែរ ថ្នាក់ដឹកនាំ KIF ក៏នឹងរៀបចំឲ្យមានមូលនិធិគុនខ្មែរ សម្រាប់ជួយដល់កីឡាករ-កីឡាការិនី និងបម្រើឲ្យការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងបច្ចេកទេស និងការបំផុសចលនាគុនខ្មែរលើជាតិ និងអន្ដរជាតិផងដែរ ។ លើសពីនេះ KIF ក៏បានរួមគ្នាប្ដេជ្ញាជំរុញការផ្សព្វផ្សាយ និងធ្វើទីផ្សារ ដើម្បីពង្រីកឥទ្ធិពលគុនខ្មែរទៅឲ្យក្រៅប្រទេស ប្រកបដោយទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ ៕