(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬ CADA ដើម្បីចូមរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ។

អនុក្រឹត្យរបស់សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចស្របតាមសំណើររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំអនុក្រឹត្យ ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះឡើង ដើម្បីធានាបាននូវភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា នៅក្នុងការចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយមានការចង្អុលបង្ហាញ ណែនាំ និងជំរុញការរៀបចំរបស់អ្នកជំនាញពីសំណាក់លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានសម្រេចចុងក្រោយ ហើយត្រូវបានគណៈរដ្ឋមន្ដ្រី និងក្រុមប្រឹក្សាអ្នកច្បាប់ ឯកភាពលើការងារនេះ មុនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានសម្រេចចេញនូវអនុក្រឹត្យដ៏មានតម្លៃបំផុត ដើម្បីកីឡាស្អាតស្អំនៅកម្ពុជា ដោយអនុលោកភាពនៃច្បាប់ប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាលើឆាកអន្ដរជាតិ ។

ក្នុងនាមប្រតិបត្តិករកីឡាកម្ពុជាមួយរូប លោកបានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការបង្កើតឱ្យមានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាជាតិនេះឡើង ហើយលោកក៏សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ការបង្កើតច្បាប់នេះ នឹងទទួលបានការអបអរសាទរពីសំណាក់ស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ដើម្បីធ្វើឱ្យវិស័យកីឡាកម្ពុជា កាន់តែមានភាពរឹងមាំ ហើយធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានកីឡាករ-កីឡាការិនី និងអ្នកលេងកីឡាទាំងអស់ ដែលមិនប៉ះពាល់នូវសារធាតុហាមឃាត់នេះផងដែរ ៕