(បរទេស)៖ តាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Mac Rumors បានឲ្យដឹងថា ម៉ូដែល iPad Pro ជំនាន់ក្រោយឆ្នាំ២០២៤នេះ នឹងមានគែមស្តើងជាងជំនាន់មុនៗ ពោលគឺ iPad Pro 11-inch នឹងមានកម្រាស់នៃគែមអេក្រង់ត្រឹម 7.12mm ខណៈម៉ូដែល iPad Pro 12.9-inch នឹងមានកម្រាស់នៃគែមអេក្រង់ប្រមាណត្រឹម 7.08mm តែប៉ុណ្ណោះ។

ប្រសិនបើដំណឹងនេះជាការពិត គឺមានន័យថាកម្រាស់នៃគែមអេក្រង់ iPad Pros ជំនាន់ថ្មីឆ្នាំ ២០២៤ នឹងមានកម្រាស់ស្តើងជាងជំនាន់បច្ចុប្បន្នប្រមាណ ១០% និង ១៥%។ iPad Pros ២០២៤ ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបន្ទះឈីប M3, ដំឡើងជាមួយប្រព័ន្ធកាមេរ៉ាបែប Landscape Camera, មានការរចនាកញ្ចប់កាមេរ៉ាក្រោយថ្មី ក៏ដូចអាចនឹងគាំទ្រការសាកភ្លើងជាមួយ MagSafe Wireless Charging Pad ផងដែរ។

តាមការរំពឹងទុក iPad Pros ២០២៤ គឺការប្រើប្រាស់ជាមួយផ្ទាំងក្តារ Magic Keyboard ថ្មី ជាមួយការឌីស្សាញជាមួយសារធាតុអាលុយមីញ៉ូម និងការប្រើប្រាស់ជាមួយ Apple Pencil ជំនាន់ថ្មីផងដែរ។ បន្ថែមពីនេះ iPad Pro ជំនាន់ថ្មី ក៏នឹងមានកម្រាស់កាន់តែស្តើង ហើយក៏អាចនឹងប្រើបច្ចេកវិទ្យាអេក្រង់ថ្មី OLED Display សម្រាប់ iPad Pro 12-inch ថែមទៀតផង។ ទោះជាយ៉ាងណាយើងនឹងបានដឹងពីលក្ខណៈសម្បត្តិពិតប្រាកដរបស់ iPad Pros ២០២៤នៅសប្តាហ៍ក្រោយនៃខែមិនានេះហើយ។

គួរជម្រាបថា ម៉ូដែល iPad Pro ថ្មី ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅចុងខែមីនា ឬដើមខែមេសា។ នេះបើយោងតាមលោក Ross Young នាយកប្រតិបត្តិនៃ Display Supply Chain Consultants៕