(បរទេស)៖ ក្រុមហ៊ុនអាមេរិក Qualcomm បានប្រកាសសម្រេចចិត្តបញ្ចប់ការដេញថ្លៃរបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន Autotalks ដែលជាក្រុមហ៊ុនអ៊ីស្រាអែលដែលមានឯកទេសខាងបន្ទះឈីបទំនាក់ទំនង បន្ទាប់ពីមានការស៊ើបអង្កេតប្រឆាំងនឹងការទុកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

Qualcomm ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលមានសមត្ថភាពខ្លាំងបំផុតទៅលើការផលិតបន្ទះឈីបសម្រាប់ប្រើប្រាស់នៅក្នុងស្មាតហ្វូន និងជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបទៅកាន់ស្មាតហ្វូនយក្សដូចជា Apple, Samsung, Xiaomi និង Oppo ហើយនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតសុទ្ធតែទទួលបានការផ្គត់ផ្គង់ពី Qualcomm។ តែយ៉ាងណា Qualcomm មិនបានបញ្ចប់មហិច្ឆតារបស់ខ្លួនត្រឹមនេះនោះទេ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងក៏ងាកទៅចាប់ផ្តើមអាជីវកម្មផលិតបន្ទះឈីបសម្រាប់រថយន្តមួយទៀត។ ពោលគឺ Qualcomm ងាកទៅធ្វើការលើប្រព័ន្ធសុវត្ថិភាពរថយន្ត និងផែនទីបង្ហាញផ្លូវ ឬហៅថា roadmap។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា កាលពីឆ្នាំមុន Qualcomm បាននិយាយថាខ្លួនកំពុងដេញថ្លៃទិញយកក្រុមហ៊ុនដែលមានឯកទេសខាងផលិតបន្ទះឈីបថ្មីមួយរបស់អ៊ីស្រាអែលដែលមានឈ្មោះថា «Autotalks» ដើម្បីជាផ្នែកមួយក្នុងវិស័យផលិតបន្ទះឈីបកម្រិតខ្ពស់សម្រាប់ប្រើប្រាស់ក្នុងរថយន្ត។ តែយ៉ាងណារំលងបានមួយឆ្នាំនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ និយតករប្រឆាំងការទុកចិត្តកំពូលរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពង់បើកការស៊ើបអង្កេតលើកិច្ចព្រមព្រៀងនេះ។

គួរជម្រាបដែរថា បន្ទាប់ពីមានការស៊ើបអង្កេតជាបន្តបន្ទាប់ Qualcomm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Qualcomm បានបិទប្រតិបត្តិការទិញយក Autotalks នោះហើយ ដោយសារតែខ្វះការអនុម័តក្នុងលក្ខណៈទាន់ពេលវេលា»។ Qualcomm បញ្ជាក់ថា «ទីផ្សាររថយន្តគឺ ពិតជាសំខាន់សម្រាប់យើង ហើយយើងនៅបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹងទៅលើវិស័យនេះ ពិសេសការផលិត «roadmap» របស់យើងម្រាប់អតិថិជន និងដៃគូសហការ បើទោះបីពេលនេះមិនទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែយើងមិនបោះបង់គម្រោងនេះចោលនោះទេ»៕