(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ដជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨។ នេះបើយោងតាមលទ្ធផល នៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្តិថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

នេះគឺជាអាណត្តិទី៣ ហើយដែលលោក កែវ រ៉េមី ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ គាំទ្រធ្វើជាប្រធានសហព័ន្ធ ដ្បិតរយៈពេលប្រមាណ ៧ឆ្នាំ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមានខ្សែក្រវាត់ខ្មៅ ៧ដាន់ក្នុងដៃរូបនេះ កីឡាតេក្វាន់ដូ ITF កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការពង្រឹង និងពង្រីកសក្ដានុពលទាំងក្នុង និងក្រៅស្រុក ពិសេសគឺការដណ្ដើមបានមេដាយដ៏ច្រើនលើឆាកអន្ដរជាតិតែម្ដង។

ឆ្លៀតឱកាសនោះ ប្រមុខសហព័ន្ធខាងលើ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូ និងសិស្សគុនកីឡាតេក្វាន់ដូ ITF ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូ និងមិនធ្លាប់បង្កផលប៉ះពាល់ដល់សង្គម រហូតទទួលបានការកោតសរសើរពីលោក ប៊ុន សុខ អគ្គនាយកកីឡាថា ជាកីឡាករ-កីឡាការិនីគំរូថែមទៀត។

ដោយផ្អែកលើស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនេះ លោកទេសរដ្ឋមន្ដ្រីបានជំរុញ និងលើកទឹកចិត្តដល់សមាជិគគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មន្ដ្រីជំនាញ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដពួតដៃគ្នាបន្ដការអភិវឌ្ឍជំនាញកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិមាតុភូមិជាបន្ដបន្ទាប់ទៀត ពិសេសការប្រកួតជើងឯកអាស៊ី នៅឥណ្ឌានាខែសីហាខាងមុខ។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិថ្មី នៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី គឺមានសរុប ២៩រូប ក្នុងនោះមានអនុប្រធាន ៨រូប គឺមានលោក ផាន់ វណ្ណរ័ត្ន, លោកឧកញ៉ា សុខ ហុង, លោក សុខ ប៊ុនថា, លោក ជេត ជាលី, លោក លឹម រតនៈ, លោក រាជ សម្រេច, លោកស្រី  អ៊ុង ច័ន្ធសោភា និងលោកស្រី មិន ស្រីម៉ៃ។ រីឯលោក ប៊ួនហ៊ីង សុធីយ៉ា បន្ដជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៥រូប និងអគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ១២រូបផ្សេងទៀត៕