(បរទេស)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា វែនតាឆ្លាតវៃ Apple Vision Pro នឹងចាប់ផ្តើមឈានជើងចូលទីផ្សារចិនដីគោកនៅឆ្នាំនេះ បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook នៅថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានបង្ហោះនៅលើគណនីសង្គម Weibo ថា លោក Cook បានបង្ហាញពីផែនការដាក់ឱ្យដំណើរការវែនតាឆ្លាតវៃរបស់ខ្លួននៅក្នុងប្រទេសចិន នៅពេលដែលត្រូវបានចោទសួរដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅខាងក្រៅវេទិកាអភិវឌ្ឍន៍ចិននៅទីក្រុងប៉េកាំង។

លោក Cook បានគូសបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា ក្រុមហ៊ុន Apple នឹងបន្តបង្កើនការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៅក្នុងប្រទេសចិន។ ខណៈការបង្ហាញនេះ គឺដូចទៅនឹងទស្សនៈរបស់លោកកាលពីសប្តាហ៍មុន ដែលលើកឡើងថា «មិនមានខ្សែសង្វាក់ផ្គត់ផ្គង់ណា នៅលើពិភពលោកដែលមានសារៈសំខាន់សម្រាប់យើង ជាងប្រទេសចិននោះទេ»

គួរជម្រាបថា Apple បានចេញលក់ Vision Pro កាលពីខែមុនក្នុងតម្លៃខ្ទង់ ៣,៥០០ដុល្លារ។ វែនតាជំនាន់ថ្មីរបស់ Apple កំពុងទទួលបានការគាំទ្រជាខ្លាំង និងចេញលក់នៅលើទីផ្សារធំៗជាបន្តបន្ទាប់ ហើយពេលថ្មីៗនេះទើបតែទទួលដំណឹងមកថា វែនតា Vision Pro របស់ក្រុមហ៊ុន Apple ដែលមានតម្លៃខ្ទង់ ៣,៥០០ដុល្លារនោះ ត្រូវបានប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រជាលើកដំបូងនៅចក្រភពអង់គ្លេស៕