(បរទេស)៖ តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ននូវសេវាកម្មផ្ញើសារ Telegram នៅក្នុងប្រទេសនេះ បន្ទាប់ពីមានការតវ៉ាពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអំពីការចែករំលែកមាតិកាដែលគ្មានការអនុញ្ញាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរួមមាន Atresmedia, EGEDA, Mediaset និង Telefonica បានលើកឡើងពីការព្រួយបារម្ភអំពីអ្នកប្រើដែលបង្ហោះមាតិកាដោយគ្មានការអនុញ្ញាត។ ភ្លាមៗនោះចៅក្រមលោក Santiago Pedraz បានយល់ព្រមបិទសេវាកម្មរបស់ Telegram ក្នុងប្រទេសអេស្ប៉ាញ ខណៈពេលដែលការអះអាងត្រូវបានស៊ើបអង្កេត។ មិនត្រឹមតែប៉ុណ្ណោះប្រភពរបស់តុលាការបាននិយាយថា វានឹងក្លាយជាទំនួលខុសត្រូវរបស់អ្នកផ្តល់សេវាទូរស័ព្ទដើម្បីរារាំងសេវាកម្មរបស់ Telegram ។

ជុំវិញករណីនេះទាំង Telegram និងនាំពាក្យតុលាការកំពូលអេស្ប៉ាញ នៅមិនទាន់មានការឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ។

គួរជម្រាបដែរថា Telegram គឺជាសេវាកម្មផ្ញើសារដែលមានអ្នកប្រើប្រាស់ច្រើនជាងគេទីបួននៅក្នុងប្រទេសអេស្ប៉ាញ ហើយវាត្រូវបានប្រើប្រាស់ជិត ១៩ភាគរយនៃជនជាតិអេស្ប៉ាញ នេះបើយោងតាមការស្ទង់មតិពី CNMC៕