(ភ្នំពេញ)៖ លោក ម៉ក់ រស្មីច័ន្ទសិលា អ្នកសម្របសម្រួលការប្រកួតបាល់ទាត់ក្នុងសាលដណ្ដើមពានរង្វាន់ Rithy Jesda Cup U25 ឆ្នាំ២០២៤ បានបញ្ជាក់ថា ការយល់ច្បាស់ពីបទបញ្ជាការប្រកួត ឬច្បាប់ល្បែង នាំឲ្យវិស័យកីឡាបាល់ទាត់ក្នុងសាលកម្ពុជាកាន់តែរីកចម្រើន។

ការលើកឡើងនេះ បន្ទាប់ពីលោកមើលឃើញការប្រកួតជាក់ស្ដែង នៃពានរង្វាន់កម្រិតយុវជនរដូវកាលទី១ ខាងលើ ដែលដំណើរការប្រកួតជាង ២ខែកន្លងមក បានប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពអ្វីគួរឲ្យកត់សម្គាល់ ឬរំខានដល់ការប្រកួតឡើយ ទោះបីលោកទទួលស្គាល់ការកាត់សេចក្ដី ឬការរៀបចំមិនល្អឥតខ្ចោះ តែក្រុមនីមួយៗ បានលេងដោយបច្ចេកទេស តាមផែនការក្រុមរៀងៗខ្លួន។

អ្នកជំនាញរៀបចំពានបាល់ទាត់ក្នុងសាលដដែលបន្ដថា «សម្រាប់ការប្រកួតពានរង្វាន់ Rithy Jesda Cup U25 តាំងពីដំណាក់កាលទី១ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឃើញថាក្រុមទាំងអស់ ចូលរួមលេងដោយបច្ចេកទេស។ ការប្រកួតពានក្នុងសាលនៅកម្ពុជាបច្ចុប្បន្ន ក្រុមទាំងអស់ ពួកគាត់យល់ពីច្បាប់ល្បែងច្រើន។ ដូច្នេះវាជាផ្នែកមួយ ក្នុងការជួយវិស័យបាល់ទាត់ក្នុងសាលរបស់យើងឲ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ»

គួរដឹងថា ពានរង្វាន់ Rithy Jesda Cup U25 រដូវកាលទី១ ឆ្នាំ២០២៤ មាន ១២ក្រុមចូលរួម និងបែងចែកជាការប្រកួតជា ៤ដំណាក់កាល ដោយដំណាក់កាលទី១ បានដំណើរការប្រកួតតាំងពីថ្ងៃទី២០ ខែមកា និងដំណាក់កាលទី២ គឺជាការប្រកួតជម្រុះវគ្គ ៦ក្រុមចុងក្រោយ មុនបន្ដការប្រកួតដំណាក់កាលទី៣ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមឈរលេខ២ និងក្រុមឈរលេខ៣ នៃដំណាក់កាលទី២។

សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុម Avatar FC ជួបក្រុម Lucky Media FT កាលពីល្ងាចថ្ងៃទី២៤ ខែមីនាម្សិលមិញ នៅទីលានឬទ្ធី ចេស្ដា អារីណា ដោយលទ្ធផលក្រុម Avatar បានយកឈ្នះ ៨-១ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ឬដំណាក់កាលទី៤ ដោយត្រូវជួបក្រុមកំពូលតារាងដំណាក់កាលទី២ ដែលឈរចាំ គឺក្រុម DIG FC នាថ្ងៃទី៣១ ខែមីនាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯកតែម្ដង៕