(ភ្នំពេញ)៖ MedCREATE ដែលជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា បានអញ្ជើញគ្រូពេទ្យជំនាញឯកទេសបេះដូងមកពីនៅប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងការថែរក្សាសុខភាពបេះដូង ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងការថែទាំសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា។

ថ្លែងនៅក្នុងវេទិកាសុខភាពស្តីពី«បេះដូងមានសុខភាពល្អ»នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃក្រុមហ៊ុន MedCREATE បានឲ្យដឹងថា MedCREATE តែងតែអញ្ជើញវេជ្ជបណ្ឌិតជំនាញឯកទេសជាច្រើនទាំងក្នុង និងក្រៅប្រទេសមកចែករំលែកចំណេះដឹងពីការថែទាំសុខភាពដល់ពលរដ្ឋកម្ពុជា។ ជាក់ស្តែងនៅក្នុងវេទិកាសុខភាព នាថ្ងៃទី២៤ មីនា MedCREATE បានអញ្ជើញវេជ្ជបណ្ឌិតមកពីប្រទេសម៉ាឡេស៊ី គឺលោកវេជ្ជបណ្ឌិត Lee Zhen Vin ឯកទេសបេះដូង ដើម្បីមកចែករំលែកគន្លឹះក្នុងការថែទាំសុខភាពបេះដល់ប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា «សម្រាប់វេទិកានេះ គឺសំខាន់មែនទែនសម្រាប់អ្នកមានបញ្ហាបេះដូង និងអ្នកដែលមិនទាន់ ព្រោះដោយសារតែសិក្ខាសាលាមួយនេះមិនផ្តោតសំខាន់តែលើអ្នកជំងឺមួយមុខនោះទេ គឺផ្តោតលើជំងឺទូទៅ ដើម្បីឱ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើសុខភាពបេះដូងដែលយើងកំពុងប្រឈមបច្ចុប្បន្ន។ នៅក្នុងផែនការរបស់ MedCREATE គឺយើងព្យាយាមបង្កើតឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ទៅលើផ្នែកសុខភាពឱ្យកាន់តែទូលំទូលាយ និងឱ្យពួកគាត់ស្គាល់គុណតម្លៃនៃការមើលថែទាំសុខភាព»

វេជ្ជបណ្ឌិត Lee Zhen Vin ឯកទេសបេះដូង បានថ្លែងថា ការថែទាំសុខភាពបេះដូងគឺសំខាន់ណាស់ ព្រោះបេះដូងគឺជាសេរីរាង្គសំខាន់ បើមិនយកចិត្តទុកដាក់ថែទាំទេ នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោក បន្តថា ដោយសារបេះដូងមានច្រើនទម្រង់ ហេតុនេះហើយប្រភេទនៃជំងឺបេះដូងក៏មានច្រើនដូចគ្នា ដែលអាចកើតមានបញ្ហា ដូចជាស្ទះសរសៃរឈាមបេះដូង បេះដូងរីកធំ ឬចង្វាក់បេះដូងខុសធម្មតា ជាដើម។
លោកលើកទឹកចិត្តឱ្យមានការទៅពិនិត្យសុខភាពជាប្រចាំ កុំរង់ចាំទាល់តែពេលឈឺទើបទៅមន្ទីរពេទ្យ។ (វីដេគ្រូសម្ភាសគ្រូពេទ្យ)

ក្រៅពីការរៀបចំវេទិកាចែករំលែកចំណេះដឹងសុខភាព ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា MedCREATE ក៏សហការជាមួយមន្ទីរពេទ្យ KPJ ដែលជាមន្ទីរពេទ្យល្បីឈ្មោះមួយនៅម៉ាឡេស៊ី ដើម្បីផ្តល់ជម្រើសបន្ថែមដល់ពលរដ្ឋកម្ពុជាចង់ស្វែងរកសេវាព្យាបាល ឬពិនិត្យសុខភាពនៅក្រៅប្រទេសផងដែរ។

លោកស្រី Farah Delah Suhaimi អគ្គនាយករង ផ្នែកទីផ្សាររបស់មន្ទីរពេទ្យ KPJ បានឱ្យដឹងថា មន្ទីរពេទ្យ KPJ មានចំនួន២៩នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានជំនាញឯកទេសព្យាបាលជំងឺសំខាន់ៗដូចជាបេះដូង ឆ្អឹង ការបង្កកំណើតសម្រាប់ចង់មានបុត្រ និងការពិនិត្យសុខភាពផ្សេងៗ។

ជាមួយគ្នានេះ លោកស្រីលើកទឹកចិត្តសម្រាប់អ្នកចង់ស្វែងសេវាព្យាបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស គួរស្វែងភ្នាក់ងារ ឬក្រុមហ៊ុនដែលផ្តល់សេវាប្រឹក្សាច្បាស់លាស់ ដើម្បីជៀសវាងខាតបង់ប្រាក់ និងពេលវេលា។​

លោក រ័ត្ន សុចាន់ បានឱ្យដឹងផងដែរថា MedCREATE គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ ដោយមានផ្តល់សេវាកម្មប្រឹក្សាយោបល់ ដល់អ្នកដែលស្វែងរកការព្យាបាលជំងឺនៅក្នុងស្រុក និងក្រៅប្រទេស ដោយមានអ្នកជំនាញជាច្រើនរង់ចាំផ្តល់ប្រឹក្សា ដើម្បីឱ្យការទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យចំគោលដៅ ចំណេញថវិកា និងពេលវេលា។

លោកបន្តថា មកទល់ពេល MedCREATE បានសហការជាមួយមន្ទីរពេទ្យ៤ប្រទេសធំៗរួមមាន ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌា ដែលមានមន្ទីរពេទ្យប្រមាណ២៩មន្ទីរ ដើម្បីផ្តល់ជម្រើសព្យាបាលឱ្យចំគោលដៅ។ ​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ ០៧០ ៩៩៣ ៩៨៨ និងសាកសួរព័ត៌មានផ្ទាល់ដែលមានទីតាំង នៅផ្លូវលេខ៩៥ អាគារលេខ៧៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕