(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនចិន Xiaomi បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា រថយន្តអគ្គិសនីម៉ូដែលដំបូងបង្អស់របស់ខ្លួន នឹងចាប់ផ្តើមដាក់លក់ក្នុងសប្តាហ៍នេះ ហើយវានឹងក្លាយទៅជា «រថយន្តដែលមើលទៅល្អបំផុត ងាយស្រួលបំផុតក្នុងការបើកបរ និងជារថយន្តដែលឆ្លាតបំផុត» ជាមួយនឹងតម្លៃទាបក្រោម ៥០០,០០០យន់ (ស្មើនឹង ៦៩,៤២៤ដុល្លារ)ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា CEO ក្រុមហ៊ុន Xiaomi បានធ្វើការអត្ថាធិប្បាយនៅលើគណនី Weibo ផ្លូវការរបស់លោក ជាមួយនឹងការបញ្ជាក់ពីតម្លៃរថយន្តអគ្គិសនីម៉ូដែល SU7 ជាលើកដំបូង។ លោក Lei Jun បានគូសបញ្ជាក់ថា ឥឡូវនេះ រថយន្ត SU7 កំពុងចាប់ផ្តើមដាក់តាំងបង្ហាញនៅបន្ទប់តាំងបង្ហាញ (showrooms) ជាច្រើនក្នុងប្រទេសចិន ជាមួយតម្លៃទាបជាង បើធៀបទៅនឹងរថយន្តកំពូល Tesla។

ការទន្ទឹងរង់ចាំសម្រាប់រថយន្តចិននេះ បានកើតឡើងចាប់តាំងពី Xiaomi ដាក់បង្ហាញរថយន្តនៅក្នុងខែធ្នូមកម្លេះ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននេះបានប្រកាសថា ខ្លួនមានបំណងចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូងទាំង ៥របស់ពិភពលោក។ លោក Lei Jun បានសរសើថា Xiaomi មានបច្ចេកវិទ្យាពិសេស ដែលអាចផ្តល់នូវការបង្កើនល្បឿនបានល្អជាង និងលឿនជាងក្រុមហ៊ុន Tesla និងរថយន្តអគ្គិសនីរបស់កុ្រមហ៊ុន Porsche។

តាមការបញ្ជាក់របស់លោក Lei Jun បានឱ្យដឹងថា SU7 នឹងចេញមកជាមួយនឹងកំណែចំនួនពីរ គឺកំណែទី១ អាចបើកបរបានចម្ងាយរហូតដល់ទៅ ៦៦៨គីឡូម៉ែត្រ (៤១៥ម៉ាយ) សម្រាប់ការសាកមួយពេញ និងមួយទៀតមានចម្ងាយរហូតដល់ទៅ ៨០០គីឡូម៉ែត្រក្នុងការសាកមួយពេញដូចគ្នា។ យ៉ាងណាមិញបើតាមការប្រៀបធៀបរថយន្តអគ្គិសនី Model S របស់ក្រុមហ៊ុន Tesla អាចបើកបានត្រឹមចម្ងាយ ៦៥០គីឡូម៉ែត្រប៉ុណ្ណោះ ខណៈដែលរថយន្តពីក្រុមហ៊ុននេះមានតម្លៃថ្លៃជាង៕