(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ក្នុងប្រទេសកម្ពុជា បានប្រកាសពីវត្តមានរបស់ខ្លួនជាលើកទីពីរ ក្នុងការចូលរួមជាដៃគូឧបត្ថម្ភធំសម្រាប់ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ ឆ្នាំ ២០២៤ (STI Day 2024) ដែលរៀបចំដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ នេះរៀបចំឡើងក្រោមប្រធានបទ «SMEs Go STI»

ព្រឹត្តិការណ៍នេះមានគោលបំណងរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតទៅក្នុងប្រតិបត្តិការ សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីបង្កើនប្រសិទ្ធភាព ការប្រកួតប្រជែងទីផ្សារ និងសមាហរណកម្មសកល ដែលត្រៀមនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍ SME និងកំណើនបច្ចេកវិទ្យារបស់កម្ពុជា។

ក្នុងនាមជាដៃគូរឧបត្ថម្ភធំ សម្រាប់កម្មវិធីទាំងបីថ្ងៃនោះ ក្រុមហ៊ុន Smart នឹងមានស្តង់របស់ខ្លួន ដើម្បីរៀបចំការធ្វើបទបង្ហាញពីផលិតផលមួយចំនួន រួមមាន ផលិតផលសម្រាប់អតិថិជនម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងផលិតផលសម្រាប់អតិថិជនទូទៅក្នុងនោះក៏មានដំណោះស្រាយ និងផលិតផលសុវត្ថិភាពឌីជីថលថ្មីៗ ដែលក្រុមហ៊ុន Smart មានសម្រាប់ផ្គត់ផ្គង់ និងផ្តល់សេវាកម្មផងដែរ។

អ្នកចូលរួមទស្សនានឹងមានឱកាសស្វែងយល់ពីឧបករណ៍ សេវាកម្ម និងដំណោះស្រាយទំនើបចុងក្រោយបំផុតរបស់ ក្រុមហ៊ុន Smart ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Smart លើកទឹកចិត្ត សាធាណជន ជាពិសេសយុវជន និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ឱ្យចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ នេះអោយបានច្រើនកុះករ ដើម្បីស្វែងយល់ពីវឌ្ឍនភាពបច្ចេកវិទ្យា ការច្នៃប្រឌិតលើគ្រប់វិស័យឧស្សាហកម្ម ដើម្បីសម្របតាមតម្រូវការទីផ្សារ ក៏ដូចជាការលូតលាស់នៃបច្ចេកវិទ្យា ក្នុងគោលបំណងជំរុញឲ្យមានការរីកចម្រើនបន្ថែមទៀតលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាព និងវិបុលភាពនៃការអភិវឌ្ឍរបស់កម្ពុជា៕