(ម៉ាឌ្រីដ)៖ ស្ថិតក្នុងពន្ធនាគារក្បែរក្រុង Barcelona បានត្រឹម ១៤ខែ Dani Alves ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ នៅថ្ងៃចន្ទនេះ ក្រោយបង់ប្រាក់ធានា ១លានអឺរ៉ូ ករណីរំលោភសេពសន្ថវៈ។

ទោះជាយ៉ាងនេះក្តី អតីតខ្សែការពារ Barcelona រូបនេះ ត្រូវបានដកហូតលិខិតឆ្លងដែនអេស្ប៉ាញ និងប្រេស៊ីល ខណៈគាត់ក៏ត្រូវបង្ហាញខ្លួននៅមុខតុលាការរៀងរាល់ពីរសប្តាហ៍ម្តង។

Dani Alves ត្រូវបានរកឃើញថាមានទោសពីបទចាប់រំលោភនារីម្នាក់ក្នុងក្លឹបរាត្រី ក្នុងខែធ្នូ ឆ្នាំ២០២២ ហើយត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ៦ខែ។

មន្ត្រីតុលាការ បានបញ្ជាក់ នៅថ្ងៃចន្ទថា អតីតកីឡាករបាល់ទាត់ប្រេស៊ីល Dani Alves បានបង់ប្រាក់ធានាចំនួន ១លានអឺរ៉ូ (១.១លានដុល្លារ) កាលពីថ្ងៃសុក្រ។

មានការរិះគន់ចំពោះការសម្រេចចិត្តផ្តល់ប្រាក់ធានាដល់ Alves ដោយមេធាវីរបស់ជនរងគ្រោះ Ester García ដោយនាងបានចាត់ទុកថា នេះជាការសម្រេចចិត្ត «រឿងអាស្រូវ» ហើយនាងបាននិយាយទៀតថា «វាជាយុត្តិធម៌សម្រាប់អ្នកមាន»

បញ្ចាក់ផងថា មុនជួបរឿងអាស្រូវបែបនេះ Dani Alves ធ្លាប់ជាកីឡាករម្នាក់ឈ្នះពានរង្វាន់លីគអេស្ប៉ាញ La Liga ចំនួន ៦លើក ជាមួយពានអឺរ៉ុប UEFA Champions League, FIFA Club World Cup ៣លើកដូចគ្នា ជាមួយក្លិប FC Barcelona និងពាន Serie A ជាមួយក្លិប Juventus ហើយលើកពានលីគបារាំង Ligue 1 ២លើកកាលលេងនៅ PSG។

ជាមួយជម្រើសជាតិប្រេស៊ីល Dani Alves ក៏បានរួមចំណែកលើកពាន Copa America និង FIFA Confederations Cup ចំនួន ២លើកដូចគ្នា៕