(រីយ៉ូឌឺជេនៀរ៉ូ)៖ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លោក Quique Setien ជាមនុស្សម្នាក់ ស្ថិតក្នុងចំណោមអ្នកនៅជួរមុខគេ ក្នុងការទទួលបានតំណែង ដឹកនាំក្លិប Botafogo ដែលលេងនៅលីគប្រេស៊ីល Serie A។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

បុរសវ័យ ៤៥ឆ្នាំរូបនេះ បានជួបជជែកជាបឋមហើយ ជាមួយថ្នាក់គ្រប់គ្រងក្លិប Botafogo ហើយទទួលបានអត្រាចាប់អារម្មណ៍ខ្ពស់ ពីម្ចាស់ក្លិបសញ្ជាតិអាមេរិក លោក John Textor។

ក្លិបធ្លាប់ដណ្តើមបានពានរង្វាន់ជើងឯក លីគកំពូលប្រេស៊ីលចំនួន ២លើក Botafogo បាននឹងកំពុងស្វែងរកអ្នកចាត់ការថ្មី ចាប់តាំងពីបានចែកផ្លូវគ្នា ជាមួយនឹងលោក Tiago Nunes កាលពីខែមុន។

ក្រោយចែកផ្លូវគ្នា ក្លិបបានតែងតាំងលោក Fabio Matias ជាអ្នកចាត់ការបណ្តោះអាសន្ន ដោយបានដឹកនាំលេងឈ្នះ ៦លើក និងស្នើ ១លើក ក្នុងចំណោម ៧ប្រកួត។

លោក Setien មិនមានទទួលបន្ទុកដឹកនាំក្លិបណានោះទេ ចាប់តាំងពីចាកចេញពីក្លិប Villarreal កាលពីខែកញ្ញាឆ្នាំមុន។

អតីតខ្សែបម្រើអន្តរជាតិអេស្ប៉ាញ លោក Setien បានប្រកបអាជីពជាអ្នកចាត់ការ អស់រយៈពេល ២៣ឆ្នាំមកហើយ ដោយក្នុងនោះធ្លាប់បានដឹកនាំក្លិប Barcelona, Racing Santander និងក្លិប Real Betis ផងដែរ៕