(ម៉ាទ្រីដ)៖ ខ្សែបម្រើអេស្ប៉ាញ Rodri បានអវត្តមានពីការហ្វឹកហាត់ នៅថ្ងៃចន្ទ ដោយហេតុផលផ្ទាល់ខ្លួន ហើយលោកស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃអង្គារ ទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល នៅឯកីឡដ្ឋាន Santiago Bernabeu។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់អេស្ប៉ាញ (RFEF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌ CNA នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

Rodri ដែលត្រូវបានឱ្យសម្រាកដោយអ្នកចាត់ការ Luis de la Fuente សម្រាប់ការប្រកួតលទ្ធផលចាញ់ ១-០ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងពេលប៉ះក្រុមកូឡុំប៊ី កាលពីថ្ងៃសុក្រនោះ បានស្នើសុំចេញពីជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមក្នុងកម្មវិធីផ្ទាល់ខ្លួន ហើយ RFEF បានលើកឡើងថា លោកនឹងវិលត្រឡប់មកវិញនៅយប់ថ្ងៃចន្ទ។

​ខ្សែបម្រើវ័យ ២៧ឆ្នាំ លេងនៅក្លិប Manchester City រូបនេះ កំពុងឆ្លងកាត់ពេលវេលាដ៏ល្អបំផុត នៃអាជីពរបស់លោក ដោយបានជួយក្លិបលេងនៅលីគ Premier League ដណ្តើមបានពានរង្វាន់ Champions League ជាលើកដំបូង មិនធ្លាប់មានពីមុនមក កាលពីឆ្នាំមុន។

ការបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាការចាញ់លើកដំបូងរបស់អេស្ប៉ាញ ក្នុងឆ្នាំនេះ ជាមួយនឹងកីឡាករសំខាន់ៗមួយចំនួនដូចជា Rodri, Dani Carvajal និង Alvaro Morata បានទុកឪ្យសម្រាក ដើម្បីរក្សាកម្លាំង សម្រាប់ឆ្ពោះទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍ European Championship អំឡុងខែមិថុនា និងកក្កដាខាងមុខនៅប្រទេសអាល្លឺម៉ង់៕