(បរទេស)៖ ប្រទេសចិនបានដាក់ចេញនូវគោលការណ៍ណែនាំថ្មី មានគោលបំណង បញ្ឈប់ការប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនរអាមេរិក នៅក្នុងកុំព្យូទ័រ និងម៉ាស៊ីនមេរបស់រដ្ឋាភិបាល ខណៈគោលការណ៍ថ្មីនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុន Intel និង AMD។ នេះបើតាមសេចក្តីរាយកាណ៍ពីកាសែត Financial Times និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

គោលការណ៍ណែនាំនេះ ត្រូវបានដាក់ចេញនៅថ្ងៃទី២៦ ខែធ្នូ ហើយឥឡូវនេះកំពុងត្រូវបានអនុវត្ត និងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន Microsoft ផងដែរ។ របាយការណ៍បានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Windows និងកម្មវិធីគ្រប់គ្រងទិន្នន័យនានា ដែលផលិតដោយបរទេសមនឹងលែងជាជម្រើសរបស់ចិនទៀតហើយ។ ខណៈមន្ត្រីក្នុងជួររដ្ឋាភិបាល ត្រូវបានបញ្ជាឱ្យទិញប្រព័ន្ធដំណើរការ និងប្រព័ន្ធប្រតិបត្តិការដែលមាន «សុវត្ថិភាព និងអាចទុកចិត្តបាន»

យ៉ាងណាមិញ ងាកមកក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក AMD និង Intel បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។

គួរជម្រាបថា របាយការណ៍នេះកើតឡើងនៅពេលដែលប្រទេសចិនបាននឹងកំពុងជំរុញឧស្សាហកម្ម semiconductor ក្នុងស្រុករបស់ខ្លួន ខណៈដែលខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស៕