(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបគូប្រជែងហ្គីយ៉ាន មកពីតំបន់អាមេរិកខាងត្បូង នៅកីឡដ្ឋាន Prince Abdullah Al-Faisal ប្រទេសអារ៉ាប៊ីសាអូឌី នាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ យប់នេះ ដើម្បីបញ្ចប់បេសកកម្មក្នុងការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។

នេះគឺជាការប្រកួតទី២ និងជាបេសកកម្មចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏កម្រខាងលើ ដែលកម្ពុជា បានប្រកួតជាមួយក្រុមឆ្លងទ្វីបកំឡុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយ បន្ទាប់ពីប្រកួតទី១ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិកដោយលទ្ធផល ២-០ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនាកន្លងទៅ។

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកបេសកកម្មខាងលើ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់កូនក្រុម ដែលបានជួបក្រុមកម្រិតខ្ពស់ទាំងកាយសម្បទា និងបច្ចេកទេស ក៏ដូចជាការប្រកួតឆ្លងកាត់ស្បៃរាត្រី ដើម្បីជាការរៀបចំ និងពង្រឹងសមត្ថភាពក្រុមត្រៀមការប្រកួតជម្រុះពានរង្វាន់ Asian Cup នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខផងដែរ៕