(បរទេស)៖ ៣ក្រុមជម្រើសជាតិដែលត្រូវយកទៅបំពេញសម្រាប់ពូល D E និងពូល F នៃវគ្គ ២៤ក្រុមក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 ដែលមានអាល្លឹម៉ង់ធ្វើម្ចាស់ផ្ទះនោះ នឹងត្រូវរកឃើញនៅរាត្រីនេះ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ចំនួន ៣កៅអីដែលនៅសល់ក្នុងការប្រជែងទៅលេងពានអឺរ៉ុបជំនាន់ទី១៧ ដែលនឹងធ្វើឡើងចាប់ពីខែមិថុនាដល់ខែកក្កដា ឆ្នាំ២០២៤ នោះ គឺការជួបគ្នារវាងក្រុមម្ចាស់ផ្ទះវ៉េល ស្វាគមន៍ជម្រើសជាតិប៉ូឡូញ ធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Cardiff តែម្តង នៅពេលក្រុមឈ្នះនឹងយកទៅបំពេញក្នុងពូល D ដែលមានហូឡង់ បារាំង និងអូទ្រីសកំពុងចាំស្រាប់។

ចំណែកឯជ័យជម្នះរវាងក្រុមប្រទេសដែលកំពុងញាំញីទៅដោយសង្រ្គាមអ៊ុយក្រែន និងអ៊ីស្លង់ នឹងត្រូវយកទៅជំនួស ក្នុងពូល E ដែលមានប៊ែលហ្សិក ស្លូវ៉ាគី និងរ៉ូម៉ានី កំពុងរង់ចាំផងដែរ គ្រាដែលក្រុមឈ្នះរវាងហ្សកហ្ស៊ី ទល់នឹងក្រិកនោះនឹងយកទៅជំនួសក្នុងពូល F ចុងក្រោយគេ ដែលមានតួកគី ព័រទុយហ្គាល់ និងសាធារណរដ្ឋឆេក។

ជាការកត់សម្គាល់រវាងក្រុមវ៉េល និងប៉ូឡូញ ត្រូវបានគេចាត់ទុកថា ជាជំនួបខ្លាំងប៉ះខ្លាំង ដែលធ្លាប់ជួបគ្នាចំនួន ១០លើករួចមកហើយ ដ្បិតម្ចាស់ផ្ទះវ៉េល ទើបតែលេងឈ្នះប៉ូឡូញម្តងគត់កាលជួបគ្នាលើកដំបូងក្នុងឆ្នាំ១៩៧៣ មុនពេលបរាជ័យមានដល់ទៅ ៧លើក និងស្មើតែ ២លើកប៉ុណ្ណោះ៕