(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan បានប្រកាសកំណត់គោលដៅលក់រថយន្តឲ្យបាន១លានគ្រឿង ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះក៏ប្រកាសពីការកាត់បន្ថយចំណាយ៣០% លើការផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០៣០ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ក៏និយាយដែរថា ខ្លួននឹងប្រកាសរថយន្តថ្មីៗរហូតដល់៣០ផ្សេងៗគ្នា នៅឆ្នាំ២០២៦ ក្នុងនោះមាន១៦គ្រឿង ជាប្រភេទរថយន្តអគ្គិសនី។ បើតាមការបញ្ជាក់របស់លោក Makoto Uchida ប្រធាននិងជានាយកប្រតិបត្តិ Nissan បានឲ្យដឹងថា «ផែនការនេះនឹងអនុញ្ញាតឱ្យយើងបន្តទៅមុខបន្ថែមទៀត និងលឿនជាងមុនក្នុងការជំរុញតម្លៃ និងការប្រកួតប្រជែង»

ស្របពេលប្រឈមមុខនឹងការប្រែប្រួលទីផ្សាររថយន្តខ្លាំង Nissan ក៏ត្រូវបានរាយការណ៍មកថា កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដែលក្នុងផែនការថ្មី ដើម្បីធានាបាននូវកំណើនលក់ប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញ។ ក្រុមហ៊ុនផលិតរថយន្តនេះ កំពុងកំណត់គោលដៅប្រាក់ចំណេញប្រតិបត្តិការលើសពី ៦% នៅចុងឆ្នាំសារពើពន្ធ ២០២៦ ក៏ដូចជាកំណើនប្រាក់ចំណេញរយៈពេលវែង។

គួរជម្រាបថា ការប្រកាសពីគោលដៅអាជីវកម្មថ្មីរបស់ក្រុមហ៊ុន Nissan នៅពេលនេះគឺ កើតឡើងចំពេលមានការឃោសនាបំផ្លើស ជុំវិញរថយន្តអគ្គិសនី ហាក់ដូចជាមានទីផ្សារខ្លាំងនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនផលិតធំៗរួមមាន Ford Motor, General Motors, Mercedes-Benz និង Volkswagen ទាំងអស់កំពុងរៀបចំគម្រោងរបស់ខ្លួនឡើងវិញ ឬពន្យារពេលផែនការរថយន្តអគ្គិសនី។ សូម្បីតែក្រុមហ៊ុនយក្ស Tesla ក៏ត្រូវបានលោក Elon Musk ដែលជានាយកប្រតិបត្តិ បង្ហើបកាលពីខែមករាកន្លងទៅថាអត្រានៃការលក់ «អាចទាបជាង» ការរំពឹងទុក។

បញ្ហានេះគឺនៅត្រង់ថា ក្រុមហ៊ុនផលិតរថយន្តតាមបែបប្រពៃណីលោកខាងលិច ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំពីប្រទេសចិនផងដែរ នៅពេលនិយាយអំពីរថយន្តអគ្គីសនី។ ប្រទេសចិនមានទីផ្សាររថយន្ត EV ដ៏ធំ និងមានមនុស្សច្រើនបំផុតលើពិភពលោក ហើយក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន កំពុងដាក់សម្ពាធផ្នែកតម្លៃ ដែលធ្វើឲ្យគូប្រជែងពិបាកនឹងលក់រថយន្ត៕