(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Dell Technologies បានកាត់បន្ថយកម្លាំងពលកម្មនៅទូទាំងពិភពលោករបស់ខ្លួន ជាមួយនឹងការអនុវត្តវិធានការដូចជា ការកំណត់ការជួលខាងក្រៅ និងការរៀបចំបុគ្គលិកឡើងវិញ ដើម្បីសម្រេចបាននូវការកាត់បន្ថយការចំណាយ។ គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Dell មានបុគ្គលិកសរុបប្រមាណ ១២០,០០០នាក់ប៉ុណ្ណោះ ដែលធា្លក់ចុះពីចំនួនបុគ្គលិកពីមុនមានចំនួន ១២៦,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការបញ្ឈប់នេះ កើតឡើងបន្ទាប់ពីតម្រូវការធ្លាក់ចុះសម្រាប់ទីផ្សារកុំព្យូទ័រយូរដៃ អស់រយៈពេលជិត ២ឆ្នាំ និងជាផ្នែកមួយក្នុងការរួមចំណែកដល់ការធ្លាក់ចុះនៃប្រាក់ចំណូលប្រមាណ ១១ភាគរយនៅក្នុងប្រាក់ចំណូលត្រីមាសទី៤ ដែលបានប្រកាសកាលពីខែមុន។

តែយ៉ាងណា បើទោះបីជាមានបញ្ហាប្រឈមក៏ដោយ Dell រំពឹងថានឹងមានការកើនឡើងនៃប្រាក់ចំណូលសុទ្ធសម្រាប់ក្រុមដំណោះស្រាយអតិថិជនរបស់ខ្លួន (CSG) ពេញមួយឆ្នាំតែម្តង។ ខណៈផ្នែក CSG នេះបានរងការខាតបង់ប្រាក់ចំណូលរហូតដល់ទៅ ១២ភាគរយឯណោះនៅក្នុងត្រីមាសទី៤ ឆ្នាំមុន ហើយ Dell បន្តរំពឹងថានឹងមានការរីកចម្រើននៃតម្រូវការ និងបរិយាកាសតម្លៃប្រកួតប្រជែងជាងមុនក្នុងឆ្នាំសារពើពន្ធ ២០២៥ខាងមុខនេះ៕